រដ្ឋបាលរាជធានី-ខេត្ត

បើកប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២២ បានរៀបចំពិធីបើកព្រឹត្តិការណ៍កំណត់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ មានចំនួន០៣ភូមិ គឺ ៖ ភូមិបុស្សស្បូវ ភូមិស្រះខ្ទុមនិងភូមិតាប៉ៅ ។ លោក អាង ណារិទ្ធ បានមានប្រសាសន៍ថា ៖ ថ្ងៃនេះគឺជាថ្ងៃដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ បុស្បូវ ភូមិស្រះខ្ទុំ ភូមិតាប៉ៅ ដែលមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំប្រារព្ធពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធកន្លងមក ដែលបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយបានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន២២១,៥៤៧បណ្ណ ក្នុងនោះមានការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជានិងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានាឲ្យការអនុវត្តតាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលកម្ពុជាលើនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីនៅស្រុកថ្មពួក,ស្រុកស្វាយចេក,ស្រុកអូរជ្រៅ,ស្រុកព្រះនេត្រព្រះនិងក្រុងប៉ោយប៉ែត គាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងមួយចំនួនទៀតឧបត្ថម្ភដោយក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណបក្សប្រជាជនកម្ពុជាមានចំនួន៣៣,៥៥៣ប័ណ្ណ បានបញ្ចប់។

លោកបានបញ្ជាក់បន្ថែមថា ៖ ដើម្បីឲ្យក្រុមការងារចុះធ្វើការវាស់វែងដីធ្លីមានលក្ខណៈល្អប្រសើរនិងមានភាពរលូន ។ លោកបានធ្វើការសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យនេះ ចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី និងផ្តល់ឯកសារសម្រាប់ធ្វើវិនិច្ឆ័យ តាមកាលកំណត់របស់ក្រុមការងារ ដើម្បីឲ្យការអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕