រដ្ឋបាលរាជធានី-ខេត្ត

បញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់៥០០ គីឡូវ៉ុល ទៅព្រំដែន កម្ពុជា-ថៃឆ្លងកាត់តាមភូមិសាស្រ្តស្រុកម៉ាឡៃ អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ដីធ្លី សំណង់ ផ្ទះសម្បែង និងដើមឈើហូបផ្លែ ទូទាត់សំណងអំពីផលប៉ះពាល់ទាំងអស់នេះ

បន្ទាយមានជ័យ ៖ លោក ប្រាំង ជលសា អគ្គនាយករង អគ្គីសនីកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថានៅពេលខាងមុខនេះ អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ដីធ្លី សំណង់ ផ្ទះសម្បែង និងដើមឈើហូបផ្លែ ក្រុមការងារគ្រប់គ្រងបរិស្ថានសង្គម គណៈកម្មការបណ្តឹងសារទុកខេត្តបន្ទាយមានជ័យ ទូទាត់សំណងអំពីផលប៉ះពាល់ទាំងអស់នេះនឹងរៀបចំកិច្ចប្រជុំ ជាមួយអគ្គីសនីកម្ពុជា ព្រមទាំងស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុលពីអនុស្ថានីយអគ្គីសនីបាត់ដំបង ទៅព្រំប្រទល់កម្ពុជា .ថៃ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ នៅក្នុងសាលប្រជុំ សាលាខេត្ត ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនាក់ទៀត។

លោក ប្រាំង ជលសា អគ្គនាយករង អគ្គីសនីកម្ពុជាបានមានប្រសាសន៍បន្តទៀតថាគម្រោងនេះមានសារៈសំខាន់ណាស់ដើម្បីបង្កើនលទ្ធភាពនាំថាមពលដែលមានតម្លៃសមរម្យមកផ្គត់ផ្គង់បន្ថែមបំពេញតម្រូវការទូទាំងប្រទេស ដូចនេះដើម្បីចាប់ផ្ដើមការងារកសាងដំណើរការព្រមទាំងបញ្ចប់ដោយជោគជ័យតាមកម្មវិធីកំណត់អគ្គីសនីកម្ពុជា ស្នើសុំអភិបាលខេត្តមេត្តាជួយសម្រួលនិងចាត់ចែងតាមសំណើដូចខាងក្រោម ៖ ១/បង្កើតគណៈកម្មការដោះស្រាយផលប៉ះពាល់ សំណង់ ផ្ទះសំដែង ដីធ្លីនិងដើមឈើហូបផ្លែជាដើម ក្រុមការងារគ្រប់គ្រងបរិស្ថានសង្គម និងគណៈកម្មការបណ្ដឹងសារទុកខេត្តបន្ទាយមានជ័យឲ្យបានមុនកិច្ចប្រជុំចាប់ផ្ដើម។​ ២/រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់លើផលប៉ះពាល់ដោយសារគម្រោងខ្សែបញ្ជូន អគ្គីសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុលពីអនុស្ថានីយអគ្គីសនីបាត់ដំបង ទៅព្រំដែនកម្ពុជា.ថៃ មុនចុះដោះស្រាយផលប៉ះពាល់និងទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដែលបានគ្រោងទុក។ ៣/ស្នើសុំគាំទ្រលើគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុលពីអនុស្ថានីយអគ្គីសនីបាត់ដំបងទៅ ព្រំដែនកម្ពុជា.ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ឱ្យអគ្គីសនីកម្ពុជាសាងសង់គម្រោងខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុលពីអនុស្ថានីយអគ្គីសនីបាត់ដំបងទៅព្រំប្រទល់កម្ពុជា-ថៃ។

គម្រោងខ្សែបញ្ជូនអគ្គិសនីនេះមានប្រវែង សរុបប្រមាណ ១០៧ គីឡូម៉ែត្រស្មើរនិង២៥៧បង្គោលដោយឆ្លងកាត់ភូមិសាស្ត្រ ស្រុកសង្កែ ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកបវិល ស្រុកភ្នំព្រឹក ស្រុកសំពៅលូនខេត្តបាត់ដំបង និងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលនឹងចាប់ផ្ដើមដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំ លោក លី សារី បានថ្លែងអំណរគុណដល់អគ្គីសនីកម្ពុជា លោកនឹងយករឿងនេះទៅជំរាបជូនឯកឧត្តម អភិបាលខេត្ត ដើម្បីឲ្យក្រុមការងារថ្នាក់ខេត្ត ចុះដោះស្រាយផលប៉ះពាល់អគ្គីសនីកម្ពុជា ក្នុងនោះឲ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី មានភូមិ ឃុំ សង្កាត់ ស្រុក ចុះស្រង់ព័ត៌មានពាក់ព័ន្ធនិងផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង សំណង់ផ្សេងៗ និងដើមឈើដែលខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់៥០០ គីឡូវ៉ុលឆ្លងកាត់តាមភូមិសាស្រ្ត ដូចបានជម្រាបជូនខាងលើ ដើម្បីជាមូលដ្ឋានក្នុងការកំណត់លើផលប៉ះពាល់ជាមុន ៕