ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឆ្នាំ២០២២នេះ អ្នកបើកបរយានយន្តលើផ្លូវជាតិមិនគោរពច្បាប់ចរាចរណ៍ត្រូវធ្វើការផាកពិន័យតាមច្បាប់​ដែលបានកំណត់

បន្ទាយមានជ័យ ៖ លោកវរសេនីយឯក គីម​ មករា ប្រធានការិយាល័យនគរបាលចរាចណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា​ ៖ ចាប់ពី ខែមករា ឆ្នាំ២០២២នេះតទៅ អ្នកបើកបរយានយន្តលើផ្លូវជាតិផ្លូវសាធារណៈមិនគោរពច្បាប់ចរាចរណ៍ត្រូវធ្វើការផាកពិន័យតាមច្បាប់ក្រសួងមហាផ្ទៃបានកំណត់។

នាយការិយាល័យនគរបាលចរាចរណ៍រូបនេះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ៖ ក្នុងពេលចុះប្រតិបត្តិការពង្រឹង និងអនុវត្តច្បាប់ចរាចរណ៍ មួយព្រឹកៗ នៅក្នុងគោលដៅនៅ ក្នុងស្រុក ក្រុង និងទីរួមខេត្ត នៅមានអ្នកបើកបរយានយន្តបើកបញ្ច្រាស់ទិសល្មើសច្បាប់ចរាចរណ៍ ក្នុងនោះក៏មានអ្នកបើករថយន្តមិនពាក់ខ្សែក្រវ៉ាត់ បើកបររថយន្តពុំមានប័ណ្ណបើកបរ និងបើករថយន្តដឹកអីវ៉ាន់សំពីងសំពោងនិងដឹកលើសចំណុះមួយចំនួនផងដែរ ។

ក្នុងនោះលោកបាននិយាយទៀតថា ៖ យានយន្តបើកលើផ្លូវជាតិនិងផ្លូវសាធារណៈមិនគោរពច្បាប់ចរាចរណ៍ត្រូវធ្វើការផាកពិន័យតាមច្បាប់បានកំណត់។ករណីបើកម៉ូតូមិនគោរពផ្លាកសញ្ញាត្រូវផាកពិន័យ១០ ម៉ឺនរៀល , ប្រើទូរសព្ទក្នុងពេលបើកបរត្រូវពិន័យ ៨ ម៉ឺនរៀល បើកក្នុងស្ថានភាពស្រវឹងផាកពិន័យ ២៥ម៉ឺនរៀល មិនពាក់មួកសុវត្តិភាព ផាកពិន័យ ៦ម៉ឺនរៀល បើកហួសល្បឿនកំណត់ផាកពិន័យ ៦ម៉ឺនរៀល។ ចំពោះរថយន្តមិនគោរពផ្លាកសញ្ញាចរាចរណ៍ត្រូវផាកពិន័យ ១៥ម៉ឺនរៀល , មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវពិន័យ ៧ម៉ឺន៥,០០០ ទៅ ១៥ម៉ឺន រៀល , មិនគោរពផ្លាកសញ្ញាពិន័យពី ១៥ម៉ឺន រៀល ទៅ ៣០ម៉ឺនរៀល , ល្មើសក្នុងការផ្ទុកទំនិញពីន័យ ១៥ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល , គ្មានប័ណ្ណ បើកបរពិន័យ ពី ១លាន២សែន រៀល ទៅ ២លាន៤សែនរៀល ។

ជាមួយគ្នានោះលោកបានបញ្ជាក់បន្ថែមថា​ ៖ កន្លងមកមានពួកក្រុមក្មេងទំនើងមួយចំនួនតែងតែបើកបរទាំងបំពានច្បាប់ចរាចរណ៍ ពេលខ្លះក្មេងទាំងអស់នោះស្ថិតក្នុងក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀនជាដើម មួយវិញទៀតក៏មានប្រជាពលរដ្ឋមួយចំនួនមិនសូវមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ អ្នកបើកបរខ្លះបើកបរមិនគោរពច្បាប់ចរាចរណ៍ មានអ្នកបើកបរម៉ូតូខ្លះមិនបានពាក់មួកសុវត្តិភាពហើយបើកក្នុងល្បឿនលៀនដែលច្បាប់ហាមឃាត់ និងដឹកសំពីងសំពោង ។ អ្នកបើកខ្លះមិនបានចូលរៀនបើកបរច្បាប់ចរាចរណ៍ផ្លូវគោកឡើយ។ ខេត្តបន្ទាយមានជ័យសព្វថ្ងៃ ម្តាយឪពុកចូលចិត្តបណ្តែតបណ្តោយឲ្យកូននៅក្មេងមិនទាន់គ្រប់អាយុបើកម៉ូតូជិះយ៉ាងសាហាវធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ដោយសារក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុនេះ។កន្លងមកពេលដែលមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ និស្សិត សិស្សសាលា ដូចជានៅតាមសហគមន៍ នៅតាមទីសាធារណៈ នៅតាមវិទ្យាល័យ នៅតាមសាលារៀនជាដើម ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបានគាំទ្រច្បាប់ចរាចរណ៍ផ្លូវគោកនោះទោះបីយ៉ាងនេះក្តីក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបង្កឡើងដោយសារអ្នកបើកបរ មួយចំនួនមិនគោរពច្បាប់ចរាចរណ៍នៅឡើយ។ ដូចនេះសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានយានយន្តបើកបរនៅលើផ្លូវជាតិទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវជាតិ ឲ្យបានទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការផាកពិន័យដែលនាំឲ្យអស់ប្រាក់នៅក្នុងក្រុមគ្រួសារទៀតផង ៕