ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឆ្លងចរន្តអគ្គិសនីចេញពីបន្ទប់ធ្វើការងារបង្ករាលដាលឆេះឃ្លាំងស្តុកសម្ភារៈសម្រាប់បម្រើការងារធ្វើប៉ាន់ណូផ្សាយពាណិជ្ជកម្មអស់ទាំងស្រុងនៅខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ ករណីឆេះឃ្លាំងទំហំ១០ម៉ែត្រ x ៣០ម៉ែត្រ ផ្ទុកសម្ភារៈបម្រើឱ្យការងារធ្វើប៉ាន់ណូផ្សព្វផ្សាយពាណិជកជកម្ម របស់ក្រុមហ៊ុនហាវ៉ាស់ រីវើអឃីត អស់ទាំងស្រុងនៅខណ្ឌទួលគោក រាជធានីភ្នំពេញសេចក្តីរាយការណ៍ពីលោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាគឺបង្កឡើងដោយឆ្លងចរន្តអគ្គិសនីចេញពីបន្ទប់ធ្វើការតូចមួយ នៅក្នុងឃ្លាំង ខណៈដែលនៅក្នុងក្រុមហ៊ុនមានកម្មករយាមស្នាក់នៅតែ០២នាក់ប៉ុណ្ណោះ។

ហេតុការណ៍អគ្គីភ័យបានកើតឡើង នៅវេលាម៉ោង ០៦និង៤៥នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅផ្ទះលេខ២៥អា បណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជ ធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្កោះ ប្រាប់ឱ្យដឹងថា ទីតាំងក្រុមហ៊ុនខាងលើមានម្ចាស់ឈ្មោះ  ឌុច លីដេ ភេទស្រី អាយ ៤១ឆ្នាំ ប្រកបមុខរបរប្រធានផ្នែកផ្សព្វផ្សាយ។មុនពេលកើតហេតុនៅក្នុងក្រុមហ៊ុន គឺមានកម្មករស្នាក់នៅ០២នាក់ប៉ុណ្ណោះ លុះបន្ទាប់មកក៏ស្រាប់តែឃើញភ្លើងឆេះចេញពីបន្ទប់ការងារមួយយ៉ាងសន្ធោសន្ធៅហើយឆ្លងរាលដាលឆេះឃ្លាំងតែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ខណៈដែលអគ្គីភ័យកើតឡើងនោះហើយលោកក៏បានដឹកនាំកម្លាំងជំនាញអគ្គីភ័យជាមួយរថយន្តទឹកចំនួន១៦គ្រឿង និងមានការចូលរួមសហការពីរថយន្តទឹកក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង រថយន្តទឹកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង រថយន្តទឹកទីក្រុងអូរឡាំព្យា ចំនួន ០២គ្រឿងនិងរថយន្តទឹករបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ចេញអន្តរាគមន៍ប្រើប្រាស់ទឹកសរុប៣២រថយន្ត ដោយបានទប់ស្កាត់អគ្គីភ័យនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត រឺរងរបួសប្រជាពលរដ្ឋនិងមិនបង្ករាលដាលទៅឆាបឆេះផ្ទះអ្នកជិតខាងក្បែរនោះទេ ហើយកម្លាំងសមត្ថកិច្ចចំណាយពេលសង្រ្គោះជាង០១ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ជុំវិញបញ្ហាគ្រោះអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញដែលគេមើលឃើញថាបានកើតឡើងជាបន្តបន្ទាប់មកនេះ  លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្កោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតពីបញ្ហាគ្រោះអគ្គីភ័យ ជាពិសេសចំពោះការប្រើប្រាស់ចរន្តអគ្គិសនី ជាមួយសម្ភារៈអគ្គិសនីផ្សេងៗឱ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់នៅមុនពេលចេញពីផ្ទះ រឺហាង ក្រុមហ៊ុនជាដើមនោះ៕