ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើអ្នកដទៃម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ខេត្តកែប៖ អនុវត្តតាមការណែនាំនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប ការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនជនសង្ស័យឈ្មោះ នូ ឡុង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្រសារសង្កាត់អូរក្រសារ ក្រុងកែប ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។

ករណីខាងលើកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប។

បង្កឡើងដោយជនសង្ស័យខាងលើបានយកដំបងជ្រុងទៅវាយក្បាលជនរងគ្រោះ(ជាប្អូនថ្លៃ)ឈ្មោះ វង្ស សុខឿន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលមូលដ្ឋានបានចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យយកមកស្នងការដ្ឋានខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ៕