ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម នៃ ចារី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពី វិធីបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់ ដល់សហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពី “វិធីបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់” ដល់សហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា សាយ សំអាល់ ភរិយាឯកត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិ ចំការម៉ុច ឃុំ ជៀប ស្រុកទឹកផុស។

ក្នុងពិធីនោះ ឯកឧត្តម នៃ ចារី បានថ្លែងថា៖ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជា នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល។ ក្នុងនោះដែរឯកឧត្តមបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ មេត្តាយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដើម្បីចៀសអោយផុតពីជំងឺគ្រុនចាញ់ដ៏កាចសាហាវនេះ ដោយប្រកាន់ជំហ “គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ” មានន័យថាម្នាក់ៗ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការណ៍ការពារ ជាពិសេសត្រូវសំរាន្តក្នុងមុងជាប្រចាំ ក្នុងករណីសង្ស័យថា ខ្លួនមានជំងឺគ្រុនចាញ់ សូមមេត្តារួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងពិធីនេះលោកជំទាវ គណៈអធិបតី បានពាំនាំការនឹករលឹកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបាននាំយកនូវសម្ភារមួយចំនួនដូចជា មុង អាកុល ម៉ាស់ ថ្នាំពេទ្យ សៀវភៅសម្បត្តិធម្មជាតិ អង្ករ ត្រីខ សាប៊ូ និងថវិកាជូនដល់សហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង មន្ត្រីឧទ្យានុរក្ស ព្រមទាំងបានចុះសួរសុខទុក្ខដល់ប្រជាកសិករសហគមន៍គំរូក្នុងតំបន់នោះផងដែរ ៕