ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលត្រូវតែមានវិន័យ និងក្រមសិលធម៌ល្អនិងមានកិច្ចសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានលើកឡើងថា៖ ការដែលក្រុមការងារចុះមកត្រួតពិនិត្យកងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាល ក្រុង ស្រុក និងវរសេនាតូចនេះ គឺក្នុងគោលបំណងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាលក្នុងអង្គភាពនីមួយៗ នូវបំណាច់ឆ្នាំ ដើម្បីឲ្យដឹងពីសុខទុក្ខ ពិសេសគឺថ្នាក់ដឹកនាំស្នងការដ្ឋាននៅឲ្យកៀកជាមួយមន្ត្រីដឹងពីទុក្ខធុរៈមន្ត្រីក្រោមឱវាទ និងសំណូមពរផ្សេងៗរបស់ថ្នាក់ដឹកនាំអង្គភាពនីមួយៗ  ដើម្បីលោកមានមូលដ្ឋានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការ ។ នេះគឺជាការថ្លែងរបស់លោកឧត្តមសេនីយ៍ត្រី វង្ស  វិត ក្នុងឱកាសលោក តំណាងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាលនិងត្រួតពិនិត្យកម្លាំងចំនួន០៧អង្គភាពមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២១ មានអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ,ស្រុកព្រះនេត្រព្រះ,ស្រុកភ្នំស្រុក,ស្រុកស្វាយចេក,ស្រុកថ្មពួក,វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ។

លោកស្នងការរង បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក្រុមការងារបានបែងចែកជា០២ក្រុម ០១ក្រុមដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី រ៉ែម  វីរៈ ស្នងការរង ទទួលផែនសេនាធិការ គឺបានចុះអនុវត្តរួចរាល់ និង០១ក្រុមទៀតដឹកនាំដោយលោកផ្ទាល់ ។ ជាមួយគ្នានោះដែរ តាមការណែនាំរបស់លោកស្នងការ  លោកក៏បានជម្រុញដល់មន្ត្រីនគរបាលទាំងអស់ ត្រូវគោរពឲ្យបាននូវវិន័យ របស់នគរបាលជាតិលេខ០០៦ ឲ្យបានខ្ជាប់ខ្ជួន គោរពពេលម៉ោងធ្វើការនិងការស្លៀកពាក់ឲ្យបានត្រឹមត្រូវ ។ ម្យ៉ាងវិញទៀតនគរបាលគឺជាកូនចៅរបស់ប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ។ នគរបាលប៉ុស្តិ៍រដ្ឋបាលដែលនៅកៀកជាមួយប្រជាពលរដ្ឋត្រូវដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងនៅប្រចាំការនៅប៉ុស្តី៍២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលរាល់បណ្តឹង ក៏ដូចជាការពឹងពាក់របស់ប្រជាពលរដ្ឋ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី វង្ស  វិត បានផ្តាំផ្ញើដល់នគរបាលប៉ុស្តីរដ្ឋបាលត្រូវផ្សព្វផ្សាយពីលក្ខណសម្បត្តិរបស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន០៧ចំណុច ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់គាត់ មួយវិញទៀតត្រូវថែរក្សាសុខភាពឲ្យបានល្អ ទប់ស្កាត់នូវជម្ងឺកូវីដ-១៩ និងអនុវត្តតាមវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕