ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងនគរបាលព្រំដែន ការិយាល័យជំនាញ និងអធិការក្រុង,ស្រុក ជាប់ព្រំដែន ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច ឲ្យបានល្អ  ​និងត្រូវប្រមូលផ្តុំកម្លាំងប្រចាំការទប់ស្កាត់រាល់បទល្មើសតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់ការិយាល័យជំនាញ កងកម្លាំងនគរបាលព្រំដែន និងអធិការក្រុង-ស្រុក ដែលមានព្រំប្រទល់ជាប់ព្រំដែន ត្រូវប្រមូលផ្តុំកម្លាំងប្រចាំការ នៅនឹងអង្គភាពត្រៀមប្រតិបត្តិការ ទប់ស្កាត់រាល់បទល្មើសកើតមានតាមបន្ទាត់ព្រំដែន  ដូចជាបទល្មើសជួញដូរគ្រឿងញៀន ពលករឆ្លងដែនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធិភាពការងារសន្តិសុខ  សណ្តាប់ធ្នាប់សង្គម  ទន្ទឹមនោះត្រូវបង្រ្កាបឲ្យបានទាន់ពេលវេលាចំពោះជនទាំងឡាយណាដែលបង្កឲ្យកើតមានភាពអសន្តិសុខ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ។ ការថ្លែងបែបបនេះ ក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារព្រំដែន និងការងារសន្តិសុខ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោក-លោកស្រី ឧត្តមសេនីយត្រី វរ:សេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ  លោកអធិការក្រុង-ស្រុក ជាប់ព្រំដែន មានអធិការនគរបាលក្រុងប៉ោយប៉ែត  ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ឡៃ និងស្រុកអូរជ្រៅ  ព្រមទាំងលោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៣២ ផងដែរ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយទោ ស្នងការ ក៏បានក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំ ទាំងអស់ត្រូវពង្រឹងលើវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦  ឲ្យបានខ្ជាប់ខ្ជួន ព្រោះវិន័យ គឺជាត្រីវិស័យ នាំឲ្យកងកម្លាំងមានសេចក្តីថ្លៃថ្នូរ មានសុជីវធម៌និងក្រមសិលធម៌ រស់នៅឲ្យបានសមរម្យ និងមានទំនាក់ទំនងល្អជាមួយមហាជន  ។ មួយវិញទៀត ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីងាយស្រួលក្នុងការបំពេញការងារ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើនិងណែនាំដល់គ្រប់ថ្នាក់ដឹកនាំអង្គភាព អធិការដ្ឋាន ការិយាល័យជំនាញ និងវរសេនាតូចការពារព្រំដែនគោកទាំងអស់មិនត្រូវភ្លេចមេរោគ កូវីដ-១៩ នោះឡើយ បើទោះបីជារាជរដ្ឋាភិបាលបានបើកដំណើរប្រទេសឡើងវិញក្តី ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ជាមួយនោះក៏ត្រូវតែរៀនរស់ក្នុងបរិបទកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មីនិងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕