ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ជាវ ផល្លី បាននាំយកអំណោយផ្តល់ជូនលោកយាយ លោកតា ដែលមានជីវភាពខ្វះខាតទីទាល់ក្រចំនួន ៣៨ គ្រួសារនៅឃុំពពឹស ស្រុកស្វាយអន្ទរ

ព្រៃវែង៖នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជាវ ផល្លី ប្រធានក្រុមការងារចុះជួយឃុំពពឹស បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មានដូចជា អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ភួយ ,ម៉ាស,និងថវិកាមួយចំនួន ផ្តល់ជូន លោកយាយលោកតា ចាស់ជរា មានជីវភាពខ្វះខាត ចំនួន ៣៨ គ្រួសារ មកពីភូមិចំនួន ៤ នៅក្នុងឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នោះ ឯកឧត្តម ជាវ ផល្លី ប្រធានក្រុមការងារចុះជួយឃុំពពឹស បានពាំនាំនូវសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដោយមិនប្រកាន់ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ហើយសម្ដេចមិនដែលទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ឬក៏ទុកបងប្អូនចោលនោះទេ។

ឯកឧត្តមក៏បានបន្តទៀតថា សម្ភារៈដែលបានផ្ដល់ជូនដល់លោកយាយ លោកតា ទាំងអស់នេះ ទោះបីជាមិនអាចបំពេញតម្រូវការរបស់លោកយាយ លោកតា បានយូរអង្វែងក៏ពិតមែន ក៏ប៉ុន្តែនេះក៏ជាការចូលរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាក សេចក្តីខ្វះខាតរបស់លោកយាយ លោកតា បានមួយគ្រានោះផងដែរ។

ឯកឧត្តម ក៏សូមផ្ដាំផ្ញើដល់ លោកយាយ លោកតា ទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ និងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់លោកយាយ លោកតា ឱ្យមានសុខភាពល្អរឹងមាំ។

ក្នុងនោះដែរឯកឧត្តម សូមផ្តាំផ្ញើដល់ លោកយាយ លោកតា ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវី១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួនដោយរស់នៅតាមកន្លងប្រក្រតីភាពថ្មីប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ ការពារ ៣កុំ ដើម្បីធានាសុខមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិ៕