ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលសណ្តាប់ធ្នាប់ឃាត់ម៉ូតូបើកបញ្ច្រាសទិស១៣គ្រឿងនិងបានណែនាំអាជីវករបញ្ឈប់ការតាំងលក់ទំនិញអាហារតាមរទេះនិងតាំងលក់ទំនិញឧបរណ៍សម្ភារៈផ្សេងៗរំលោភលើទ្រូងផ្លូវកំណាត់ផ្លូវ២៧១ខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

រាជធានីភ្នំពេញ ៖ នៅលើកំណាត់ផ្លូវលេខ២៧១ ខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រហូតដល់ខាងមុខខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍ដោយការយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករដាក់លក់ទំនិញ អាហារ តាមរទេះនិងការដាក់តាំងលក់ទំនិញ សម្ភារៈ ឧបករណ៍ផ្សេងៗខាងមុខផ្ទះរឺខាងមុខហាង ក្រុមហ៊ុនបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំពង្រឹងអនុវត្តសណ្តាប់ធ្នាប់និងរំដោះបានកំណាត់ទ្រូងផ្លូវនៅម្តុំនោះឱ្យបានធំទូលាយនឹងឱ្យមានរបៀបរយល្អឡើងវិញនោះហើយ។ជាមួយគ្នានោះកម្លាំងនគរបាលសណ្តាប់ធ្នាប់ក៏បានឃាត់ម៉ូតូធ្វើដំណើរបញ្រ្ចាសទិសចំនួន១៣គ្រឿង យកមកផាកពិន័យតាមផ្លូវច្បាប់នឹងការណែនាំដល់អាជីវករត្រូវបញ្ឈប់ការតាំងលក់ទំនិញ ម្ហូបអាហារ ឧបករណ៍សម្ភារៈផ្សេងៗ រំលោភលើទ្រូងផ្លូវនេះតទៅទៀតដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឱ្យបានល្អប្រសើរ។

ការចុះរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅគោលដៅខាងលើគឺដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើងខណៈដែលនៅគោលដៅនេះគឺតែងតែរងការរិះគន់ពីប្រជាពលរដ្ឋដែលធ្វើដំណើររងការកកស្ទះចរាចរណ៍ជាប្រចាំដែលផ្លូវមានភាពចង្អៀតដោយសារការរំលោភលើទ្រូងផ្លូវធ្វើអាជីវកម្មរបស់បងប្អូនអាជីវករនិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបើកបរបញ្ច្រាសទិស។

លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ការចុះអនុវត្តពង្រឹងលើការងារសណ្តាប់ធ្នាប់នេះផងដែរគឺកម្លាំងបន្តអនុវត្តម៉ឺងម៉ាត់បំផុតតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ  និងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវវិធានការក្តៅក្នុងការចុះពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើង ដោយកម្លាំងបន្តត្រួតពិនិត្យជាប្រចាំ បើក្នុងករណីបងប្អូនអាជីវករមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច គឺនឹងចាប់យកទំនិញ ឧបរណ៍ សម្ភារៈ ដើម្បីផាកពិន័យតាមច្បាប់។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់នឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ប្រើប្រាស់នូវមធ្យោបាយផ្សេងៗដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យមានគុណភាពប្រសិទ្ធភាពនិងឱ្យល្អប្រសើរក្នុងនោះក៏អំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងតាមរយៈនៃការចូលរួមគោរពច្បាប់និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។

សូមរំលឹកថា នៅលើកំណាត់ផ្លូវលេខ២៧១ ក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ នេះផងដែរ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ធ្លាប់បានចុះទៅរៀបចំសណ្តាប់នៅចំណុចខាងមុខខ្លោងទ្វារវត្តសន្សំកុសល នឹងក៏បានរៀបចំសណ្តាប់ធ្នាប់នៅគោលនោះឱ្យមានរៀបរយឡើងវិញនោះហើយ ក្នុងនោះដោយមានការចូលរួមសហការពីសំណាក់បងប្អូនអាជីវករ ដែលបានគោរពអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច៕