សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បន្តពង្រឹងវិន័យកម្លាំងនគរបាល ដាក់ចេញបទបញ្ជាធានាការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព នៅក្នុងមូលដ្ឋានខេត្តទាំងមូល

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការពង្រឹងវិន័យចំពោះកងកម្លាំងទាំងអស់ បន្តធានាការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព នៅក្នុងមូលដ្ឋានខេត្តទាំងមូល នឹងលើកឡើងនូវ០៥ចំនុច ណែនាំដល់កម្លាំងនគរបាលលជាតិ រួមមាន៖ ១. ដាច់ខាតគោរពវិន័យនគរបាល ២. ចូលរួមអនុវត្ត ៣កុំ-៣ការពារ និងវិធានការសុខាភិបាល ៣. ពង្រឹងការគ្រប់គ្រងកម្លាំង កិច្ចការងារជំនាញ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ៥. ការពារដាច់ខាត រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

លោកឧត្តមសេនីយ៍ស្នងការ សួរសុខទុក្ខ សំណេះសំណាល ដាក់ចេញបទបញ្ជានានាដល់កងកម្លាំងនគរបាលខត្តបែបនេះ ធ្វើឡើងនៅទីបញ្ជាការស្នងការនគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានកងកម្លាំងសរុប ២៣៨នាក់ ក្នុងនោះកម្លាំងកងអន្តរាគមន៍ពិសេសចំនួន១២០នាក់ កម្លាំងប្រចាំបញ្ជាពេញ២៤ម៉ោងលើ០៧ថ្ងៃ ចំនួន២០នាក់ និងមន្ត្រីការងាររដ្ឋបាល និងចរាចរណ៍ចំនួន៩៨នាក់ ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានកោតសរសើរចំពោះ បងប្អូនកងកំលាំងនគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព អនុវត្តវិន័យ របស់កងកម្លាំង បានយ៉ាងល្អប្រសើរ។ ស្ថិតនៅក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេស កងកម្លាំងនគរបាលយើង បាននិងបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការបំពេញការងារស្នូលរបស់អង្គភាព រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការបំរើសេវាសាធារណៈ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ ម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត បានណែនាំដល់បងប្អូនកងកម្លាំងទាំងអស់ បន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបម្រើការងារសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងត្រូវបន្តអនុវត្តតាមវិធានការរបស់ ក្រសួងសុខាភិបាល និង៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល៕