ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ អញ្ជើញជាអធិបតីក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំង និងប្រជាពលរដ្ឋ នៅឃុំកោះជីវាំង

បាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំង និងប្រជាពលរដ្ឋ នៅឃុំកោះជីវាំង ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្ដម អនុប្រធានក្រុមការងារស្រុកឯកភ្នំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះជីវាំង និងឃុំព្រៃចាស់ ឯកឧត្ដម លោក លោកស្រីក្រុមការងារប្រតិភូអមដំណើរ ជាច្រើនរូប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកឯកភ្នំ ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ពិនិត្យស្ថានភាព ជីវភាពរស់នៅប្រជាពលរដ្ឋក្នុងឃុំ និងចូលរួមដោះស្រាយទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្ដម ក៏បានអញ្ជើញប្រគេនទេយ្យទានសម្រាប់វត្តទាំងពីរក្នុងឃុំ ក្នុងមួយវត្តទទួលបានអង្ករ៥០គ.ក មី០៣កេស ត្រីខ ០៣យួរ ទឹកស៊ីអ៊ីវ០៣យួរ ទឹកសុទ្ធ០៣កេស ទឹកក្រូច៣កេស អាល់កុល១កាន ម៉ាស់១០ប្រអប់ បច្ច័យ១លាន៥០ម៉ឺនរៀល និងប្រេងម៉ាស៊ុត១០០លីត្រ។ ក្នុងនោះឧបត្ថម្ភបច្ច័យ ១,៣០០ដុល្លា សម្រាប់កសាងវត្តសិរីរតនារ៉ាមអន្លង់សាគរ ហៅវត្តអន្លង់តាអួរ។ ឧបត្ថម្ភសម្រាប់រដ្ឋបាលឃុំ ទទួលបានអាល់កុល០១កាន ម៉ាស់២០ប្រអប់ ទឹកសុទ្ធ១០កេស ស្រោមដៃ០៥ប្រអប់,សាលាទាំង៦ ទទួលបានអាល់កុល១កាន ម៉ាស់២០ប្រអប់ និងគ្រួសារខ្វះខាតស្បៀង៥០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២៥គ.ក្រ ត្រីខ ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ ម៉ាស់១ប្រអប់ និងថវិកា៥ម៉ឺនរៀល និងមានជាថវិកាសម្រាប់អ្នកចូលរួមក្នុងម្នាក់៥ម៉ឺនរៀលផងដែរ។