ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យជាស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលស្រុកក្រគរឃាត់ខ្លួនពីបទជួញដូរនិង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖ ដោយអនុវត្តជាប្រចាំតាមបទបញ្ជានិងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លើការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦របស់ខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១លើក ដោយឃាត់ខ្លួនបានជនសង្ស័យ១នាក់ស្រីនិងវត្ថុតាង នៅចំណុចលំនៅដ្ឋានរបស់ជនសង្ស័យស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង២៥នាទីព្រឹក។

លោកវរសេនីយ៍ទោ ជួន ពិសិដ្ឋ អធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្នុងការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភូ សុខគា ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ កំរិតវប្បធម៌ថ្នាក់ទី១ថ្មី មុខរបរមិនពិតប្រាកដ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់។ និងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន ១១៤កញ្ចប់ ទម្ងន់ ៣៨.៤២ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីរៀបចំនីតិវិធីបន្ត៕