ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានទទួលសៀវភៅ “ទស្សនៈសម្ដេចក្រឡាហោម” ចំនួន ៣៥ក្បាល

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានទទួលសៀវភៅ “ទស្សនៈសម្ដេចក្រឡាហោម” ចំនួន ៣៥ក្បាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ធ្វើជាមូលដ្ឋានគំនិតសំខាន់ៗក្នុងការដឹកនាំ ការគ្រប់គ្រង ការសិក្សា និងការស្រាវជ្រាវ។

ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្ដល់សៀវភៅដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងឆ្លុះបញ្ចាំងនូវគំនិតដឹកនាំ គ្រប់គ្រងប្រកបដោយភាពសុខដុមរមនា យុត្តិធម៌ សមធម៌ ការគោរពច្បាប់ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មនសិការជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព និងចីរភាព។

ឯកឧត្ដម សូមគោរពជូនពរសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំមាតុភូមិកម្ពុជាឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕