ព័ត៌មានអន្តរជាតិ

WHO មានផែនការទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Merck សម្រាប់ផ្តល់ឲ្យបណ្ដាប្រទេសក្រីក្រ

(ព្រុចសែល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះបានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីកម្មវិធីមួយដែលមានផែនការទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ ១០ ដុល្លារក្នុងមួយបន្ទះ ដើម្បីចែកចាយដល់បណ្ដាប្រទេសក្រីក្រ។

ផ្អែកលើឯកសារមួយដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា កម្មវិធី ACT-A របស់អង្គការសុខភាពពិភពលោក មានគម្រោងផ្ដល់ថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ រហូតដល់ទៅ ១២០ លាននាក់ ក្នុងចំណោមអ្នកជំងឺ ២០០ លាននាក់នៅជុំវិញពិភពលោក ហើយជាពិសេសនៅតាម បណ្ដាប្រទេសក្រីក្រ ដែលត្រូវបានគេប៉ាន់ស្មានថាអាចនឹងកើនឡើងករណីឆ្លងជំងឺកូវីដ-១៩នៅរយៈពេល ១២ ខែខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងឯកសារដដែលខាងលើនេះ អង្គការសុខភាពពិភពលោកមានបំណងទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ប្រភេទ molnupiravir របស់ក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ ១០ ដុល្លារក្នុងមួយបន្ទះ។

សូមជម្រាបថា ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck នេះ គឺជាថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ដែលមានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយទេ។ ប៉ុន្តែផ្ទុយពីថ្នាំដទៃ ថ្នាំ molnupiravir បានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ៕

ប្រភព៖ FN, Reuters