ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី មានប្រសាសន៍ថា ក្នុងនាមជានគរបាលជាតិ ត្រូវការពារសន្តិភាពឱ្យបានជាដាច់ខាត ក្នុងតម្លៃណាក៏ដោយ

ខេត្តឧត្ដរមានជ័យ៖​ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អធិការ នៃអធិការរដ្ឋាននគរបាលស្រុកអន្លង់វែង ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងបស​មានប្រសាសន៍ថា ក្នុងនាមជានគរបាលជាតិ ត្រូវការពារសន្តិភាពឱ្យបានជាដាច់ខាត ក្នុងតម្លៃណាក៏ដោយ ដែលពិធីនេះប្រព្រឹត្តឡេីងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកស្នងការរង, លោកនាយ-នាយរងការិយាល័យបុគ្គលិក, នាយ-នាយរង និងមន្រ្តីចំណុះអធិការដ្ឋាន, លោកមេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីមន្រ្តីរាជការស្ថាប័នពាក់ព័ន្ធជុំវិញស្រុកអន្លង់វែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្នងការក៏បានប្រគល់រថយន្តសារ៉ែន ចំនួន ០១គ្រឿង ផ្តល់ជូនអង្គភាពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីយកទៅប្រើប្រាស់បំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពិធីប្រកាសតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋានននគរបាលស្រុកអន្លង់វែង ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។

សូមជម្រាបថា៖ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាអធិការនគរបាលស្រុកអន្លង់វែងថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ជំនួសលោកវរសេនីយ៍ឯក សុីម វណ្ណៈ ដែលត្រូវតែងតាំងជាស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕