ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំត្រួតពិនិត្យផែនការការពារចុះឈ្មោះបោះឆ្នោតឃុំ សង្កាត់និងជម្រុញពង្រឹងការអនុវត្តការងារស្នូលក្នុងបរិបទជំងឺកូវីដ-១៩

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងការរៀបចំផែនការការពារចុះឈ្មោះបោះឆ្នោត ដែលមានការចូលរួមពីអស់លោក ឧត្តមសេនីយ៍  វរសេនីយ៍ ជាស្នងការរង នាយ-នាយរងការិយាល័យចំណុះ ស្នងការដ្ឋានទាំង៣១   លោកអធិការនគរបាល ក្រុង ស្រុក ទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ៖ ការប្រជុំថ្ងៃនេះមាន៣ចំណុចក្នុងគោលបំណងយកមកផ្សព្វផ្សាយ គឺទី១/-ផែនការការពារការិយាល័យបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត,ទី២/-ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ដោយរៀនរស់ រៀនធ្វើការងារជាមួយនឹងបរិបទនៃជំងឺកូវីដ និង ទី៣/-ការប្រើប្រាស់រថយន្តដែលជាសម្បត្តិរបស់រដ្ឋ ក៏ដូចជាសម្បត្តិឯកជន ជ្រកក្រោមស្លាកលេខរដ្ឋ នគរបាល ខេមរភូមិន្ទ  ប៉ុន្តែយើងសូមនិយាយតែចំពោះស្លាកលេខនគរ​បាលប៉ុណ្ណោះរួមទាំងចង្កូតឆ្តាំនិងឆ្វេង ។

លោកស្នងការបានបញ្ជាក់ថា ៖ ក្នុងរយៈពេលខាងមុខយើងនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជាមួយគ្នានោះកម្លាំងរបស់យើងក៏បានកសាងផែនការរួចហើយ ដែលត្រូវប្រើប្រាស់លើ ១១១៤ការិយាល័យ នៅលើគោលដៅ៥១០ ។ដូច្នេះដើម្បីឲ្យកម្លាំងមានគ្រប់ចំនួនតាមផែនការ ថ្នាក់ដឹកនាំការិយាល័យជំនាញ លោកអធិការ និងមេបញ្ជាការត្រូវតែអនុវត្តតាមផែនការដែលបានរៀបចំរួចនិងទទួលខុសត្រូវខ្ពស់ ចំពោះការអវត្ថមានកម្លាំងរបស់ខ្លួនកំពុងគ្រប់គ្រង ។ ហើយនឹងត្រូវតែមានមុខនៅពេលថ្ងៃបោះឆ្នោតនាអំឡុង ឆ្នាំ២០២២ខាងមុខ ។ជាមួយគ្នានោះចាប់ពីពេលនេះសូមឲ្យលោកនាយ ការិយាល័យ លោកអធិការ ក៏ដូចជាមេបញ្ជាការប្រជុំផ្សព្វផ្សាយពីផែនការនេះដល់កម្លាំងក្រោមឱវាទរបស់ខ្លួនបានយល់ជ្រាប ។

ទាក់ទិនក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ ទន្ទឹមយើងបានចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ-១៩ ពីដូសទី១ទី២និងដូសជម្រុញ​រួចហើយនោះ យើងក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ។ជាមួយគ្នានោះដែរយើងក៏ត្រូវតែរៀនរស់ រៀនធ្វើការក្នុងបរិបទនៃជំងឺកូវីដ-១៩នេះផងដែរ ព្រោះកងកម្លាំងប្រដាប់អាវុធនិយាយជារួមនិងនិយាយដោយឡែកកម្លាំងនគរបាលយើងមានតួនាទីដ៏សំខាន់ក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាមួយនឹងការប្រើប្រាស់រថយន្តនោះផងដែរ ចំពោះអស់លោកដែលទទួលបានរថយន្តដែលជាអំណោយរបស់ក្រសួងមហាផ្ទៃឲ្យប្រើប្រាស់ក្នុងអង្គភាព ត្រូវចេះថែរក្សានូវទ្រព្យសម្បត្តិរដ្ឋ ដោយឡែកបងប្អូនដែលមានរថយន្តឯកជនចង្កូតស្តាំ ប្រើប្រាស់ក្រោមស្លាកលេខនគរបាលត្រូវកែចង្កូតនិងបង់ពន្ធតាមច្បាប់ធ្វើយ៉ាងណាកុំឲ្យផុតកំណត់ នៅឆ្នាំ២០២២នោះផងដែរ ។