ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋចំនួន ២០០ គ្រួសារដែលជួបការលំបាកក្នុងបរិបទនៃជម្ងឺកូវីត១៩ នៅស្រុកកំចាយមារ ទទួលបានអំណោយដ៏ថ្លៃថ្លាពី​ ឯកឧត្តម ស សុខា

ព្រៃវែង៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ និងលោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សាស្រុកកំចាយមារ រួមជាមួយក្រុមការងារបាននាំយកអំណោយថ្លៃថ្លារបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោកជំទាវ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទនៃជម្ងឺកូវីត១៩ ដែលមកពីឃុំចំនួន ៥ នៃស្រុកកំចាយមារ ដែលធ្វើនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅភូមិគ្រឹះសម្តេច ជា ស៊ីម ដែលស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារបានលើកឡើងថា ក្នុងបរិបទនៃជម្ងឺកូវីត១៩ នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ៣ ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មីឌែលតា (Delta) ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក អភិបាលស្រុកក៏បានបន្តទៀតថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែមានការរីករាលដាលឆ្លងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើយ៉ាងណាបង្កើតភាពស៊ាំនៅក្នុងសហគមន៍ដើម្បីកាត់ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩​ នៅក្នុងប្រទេសកម្ពុជាយើងនេះឱ្យបាន។

ក្នុងនោះដែរលោកអភិបាលស្រុកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំចាយមារទាំងអស់សូមកុំមានការរើសអើងដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ ឬក៏សាច់ញាតិបងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ឱ្យសោះព្រោះថាគ្មានអ្នកណាចង់កើតនោះទេ។

គួរបញ្ជាក់ថា​សម្ភារៈដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, សាប៊ូ ២ដប,ទឹកផ្លែឈើ ១កេស,និងថវិកា ៧ម៉ឺនរៀលផងដែរ៕