ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទាហានថៃឃាត់ខ្លួនជនជាតិថៃចំនួន៥នាក់ ដែលពួកគេនាំយកម៉ូតូ៦គ្រឿង បំរុងឆ្លងដែនមកកម្ពុជា នៅបន្ទាត់ព្រំដែនក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ

បន្ទាយមានជ័យ ៖ កម្លាំងយោធាថៃប្រចាំការតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកតាប្រាយ៉ា នៅថ្ងៃទី០៨ ខែតុលា ២០២១ ក្រោយទទួលបានសេចក្ដីរាយការណ៍មកថា មានករណីលួចនាំម៉ូតូបញ្ជូនទៅលក់ឲ្យខ្មែរតាមច្រករបៀង ក្នុងបរិវេណភូមិរ៉មត្រៃ ឃុំទព័ស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចថៃបានចុះប្រតិបត្តិការល្បាតត្រួតពិនិត្យនិងបានឃាត់ខ្លួនបណ្ដាញលួចនាំម៉ូតូ បញ្ជូនទៅលក់នៅប្រទេសជិតខាងចំ​នួន៦គ្រឿង ព្រមទាំងឃាត់ខ្លួនជនជាប់សង្ស័យចំនួន៥នាក់ទៀត។ បន្ទាប់ពីធ្វើការត្រួតពិនិត្យសមត្ថកិច្ចថៃបានរកឃើញថា មានវត្ថុតាងម៉ូតូចំនួន៦គ្រឿង រួមមាន៖ ម៉ូតូម៉ាក Honda Scopy ព៌ណសចំនួន៣គ្រឿង,ម៉ូតូ Honda ADV ព៌ណខ្មៅចំនួន២គ្រឿង និង ម៉ូតូម៉ាក Honda ADV ព៌ណក្រហម១គ្រឿង និងចាប់ខ្លួនជនត្រូវចោទជាជនជាតិថៃបានចំនួន៥នាក់ ដែលអ្នកទាំងអស់រស់នៅក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

បន្ទាប់ពីសមត្ថកិច្ចសួរចម្លើយ បុរសជាតិថៃឈ្មោះ សុ វីត បានសារភាពថា៖ ពួកគេស៊ីឈ្នួលពី (ចែ ណាង) មិនស្គាល់នាមត្រកូលពិត ដោយជួលឲ្យបើកម៉ូតូ បញ្ជូនទៅឲ្យអ្នកទិញជាជនជាតិខ្មែរ ដោយបានថ្លៃឈ្នួលក្នុងម៉ូតូ១គ្រឿងតម្លៃ៥០០បាត។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចស្រុកតាប្រាយ៉ា បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕