ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមធ្វេីការបកស្រាយចំពោះករណីព័ត៌មានមិនពិត​

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូនសាធារណជន​ អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម​ជ្រាប​ថា​ នាថ្ងៃទី០៦ ខែតុលា​ ឆ្នាំ២០២១ បណ្តាញសារព័ត៌មានមានឈ្មោះ​ “គេហទំព័រ​ កងមាស​” ដែលបានចុះផ្សាយមានខ្លឹមសារថា មានករណីបេីកល្បែងសុីសងខុសច្បាប់​ មាន់ជល់​ ហាយឡាយ​ បង្គប់​ អាប៉ោង​ ម្ចាស់ទីតាំងឈ្មោះ ចូច ស្ថិត​នៅភូមិផ្អាវ​ ឃុំផ្អាវ​ ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ នៅតែបើកដំណើរការបានយ៉ាងរលូន ដោយសារតែ សមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានប៉ះពាល់ ព្រោះមានខ្សែធំ ។

ពាក់ព័ន្ធ​ករណី​ខាងលេីនេះ​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ , កំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ​ ណាល់ អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវស៊ើបអង្កេត ដល់ទីតាំងខាងលើផ្ទាល់ ។

ជាលទ្ធផល នៅពេលដែលកម្លាំងជំនាញចុះដល់ ពិនិត្យឃើញថា ពុំមានសកម្មភាពលួចលេងល្បែងស៊ីសងជល់មាន់​ ឡាយ​តាមប្រព័ន្ធអនឡាញ​ និងអាប៉ោង​ ដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ ។

ផ្អែកតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ទីតាំង​ខាងលេីនេះ​ មិនមានការលួចលេងល្បែងសុីសងខុសច្បាប់ឡេីយ​ គឺបេីកលក់កាហ្វេធម្មតាតែប៉ុណ្ណោះ​ ។

រហូតដល់វេលាម៉ោង​ ០៨ព្រឹក ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ​២០២១នេះ​ មានឈ្មោះ​ ជឺ​ ប៊ុន​ថន​ ហៅចូច ភេទប្រុស អាយុ៤១ឆ្នាំ​ រស់នៅភូមិផ្អាវ​ ឃុំផ្អាវ​ ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ ដែលជាម្ចាស់ផ្ទះ​ ដែលមានទីតាំងដូចការចុះផ្សាយរបស់គេហទំព័រ​ កងមាស​ បានអញ្ជេីញមកអធិការដ្ឋាននគរបាលស្រុកបាធាយ​ ក៏បានដាក់ពាក្យបណ្ដឹងទៅលើម្ចាស់គេហទំព័រ​ កងមាស​ និងបក្សពួក​ មានលេខទូរស័ព្ទ ០៧៧ ៩០៦៦៦៤ ដែលបានធ្វេីសកម្មភាពលួចថតផ្ទះរបស់ខ្លួន​ ហេីយយកទៅចុះផ្សាយលេីគេហទំព័រ (គេហទំព័រ​ កងមាស​)​ ថាមានការបេីកល្បែងសុីសងខុសច្បាប់​ មាន់ជល់​ ហាយឡាយ​ បង្កប់​អាប៉ោង​ ដែលជាការចុះផ្សាយព័ត៌មានបំភ្លៃការពិតទាំងស្រុង ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល​ និងកិត្តិយស​របស់អាជ្ញាធរមានសមត្ថកិច្ច​ផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងផ្សព្វផ្សាយព័ត៌មានពុំមានមូលដ្ឋានស៊ើបបញ្ជាក់ច្បាស់លាស់ ឬយករូបភាពសកម្មភាពល្មើសចាស់ៗ​ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាព និងព័ត៌មានថ្មីដែលនាំឲ្យមហាជនភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កការលំបាកដល់ការអនុវត្តវិធានការជំនាញរបស់សមត្ថកិច្ចនគរបាល។