ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មនុស្ស០៤នាក់ រងរបួសធ្ងន់ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះជាមួយម៉តូ

ពោធិ៍សាត់៖  មនុស្សប្រុសស្រី០៤នាក់ រងរបួសធ្ងន់ស្រាល ដោយម៉ូតូហុងដា សេ១២៥ ពីរគ្រឿង បើកឡើងវ៉ាជែងគ្នាខ្វះការប្រុងប្រយ័ត្ន ឧបទ្ទវហេតុនេះកើតឡើង នៅលើផ្លូវលេខ៥៣B ស្ថិតនៅភូមិទួលម្កាក់ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដាពីរគ្រឿង បើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU.4889 ឡើងវ៉ាជែងជ្រុលទៅប៉ះម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F.7621 បណ្ដាលឱ្យដួលខូចខាតម៉ូតូ០២គ្រឿងនិងរងរបួសមនុស្ស ចំនួន ០៤ នាក់ស្រី០៣នាក់

ឃើញហេតុការណ៍ដូចនេះប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ចនគរបាល ដើម្បីជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍នៅលើដងផ្លូវកុំឲ្យមានការរាំងស្ទះ

លោកវរសេនីយ៍ត្រី ម៉ុល ធីដែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ចំពោះជនរងគ្រោះធ្វើដំណើរដោយម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០១១ មានគ្នាពីរនាក់ ទី១ឈ្មោះ ឃៀន សុធារី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូរងរបួសស្រាល ទី២ឈ្មោះ ណេត ធីតា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ រីឯជនរងគ្រោះធ្វើដំណើរដោយម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០២០ មានគ្នាពីរនាក់ដែរ ដោយទី១ឈ្មោះ ញឹម បូរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ រងរបួសធ្ងន់ និងទី២ឈ្មោះ ឈួន ណារី ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់អ្នកទាំងពីរមានទីលំនៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

លោកអធិការរង បានបន្តទៀតថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើងគឺមូលហេតុ ការបើកបរវ៉ាជែង មិនប្រកាន់ស្តាំខ្វះការប្រុងប្រយ័ត្ន និងប្រើប្រាស់ល្បឿនលឿន ដោយឡែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្ដោះអាសន្ន