ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ បានទទួលអំណោយពីរដ្ឋបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រគល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សានូវគោលការណ៍ណែនាំរបស់អាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។ ជាពិសេសបញ្ជូនកូនដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា។ អំណោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ៥០គីឡូក្រាម ត្រីខកំប៉ុង០១យួរ ៕