សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

អគ្គីភ័យឆេះទីស្នាក់ការក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស០១កន្លែងក្នុងខណ្ឌប្ញស្សីកែវគ្មានគ្រោះថ្នាក់អាយុជីវិតមនុស្សប៉ុន្តែ រងការខូចខាតឧករណ៍សម្ភារៈគិតជាទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ ទីស្នាក់ការក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស០១កន្លែង ក្នុងខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ បានរងការឆាបឆេះដោយអគ្គីភ័យប៉ុន្តែមិនបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ ខណៈដែលរថយន្តទឹកសង្រ្គោះអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយរថយន្តទឹកក្រសួងមហាផ្ទៃ ក្រុមហ៊ុនឯកជន និងរថយន្តទឹកខណ្ឌ ប្ញស្សីកែវ សរុប១៥គ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យនោះចំណាយពេលជាង១ម៉ោង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនឱ្យភ្លើងបង្ករាលដាលឆាបឆេះទៅកន្លែងផ្សេងទៀតនោះឡើយហេតុការណ៍អគ្គីភ័យនេះកើតឡើង នៅវេលាម៉ោង០៩និង២០នាទីព្រឹក ថៃ្ងសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅ អគារលេខ២០២០ ជាន់ទី៣ ផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា អគ្គីភ័យនោះបានបង្កឱ្យរងការខូចខាតឧបករណ៍សម្ភារៈតុបតែងរថយន្តគិតជាទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារនិង អគារថ្មបេតុងទំហំ ០៨ម៉ែត្រx ២០ម៉ែត្រ ដែលមានម្ចាស់ទីតាំងឈ្មោះ: យ៉ន ទាយាទ ភេទប្រុស អាយុ ៤៥ឆាំ្ន។អគ្គីភ័យនេះបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបង្កឡើងដោយឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថាជុំវិញបញ្ហាអគ្គីភ័យនេះផងដែរ រាជធានីភ្នំពេញក្នុងរយៈពេល០១ខែសីហា កន្លងទៅនេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាអគ្គីភ័យកើតឡើងចំនួន០៧លើក បើប្រៀបធៀបក្នុងខែកក្កដា អគ្គីភ័យភ័យកើតឡើងចំនួន១១លើក ដោយអគ្គីភ័យបានថយចុះ០៧ករណី។អគ្គីភ័យទាំង០៧លើកក្នុងខែសីហានោះផងដែរ បណ្តាលឱ្យមនុស្សស្លាប់០១នាក់ និងរបួស០៤នាក់។

ពាក់ព័ន្ធនិងពង្រឹងការងារអគ្គីភ័យនេះផងដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅបន្តប្រចាំខែកញ្ញា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកន្លងទៅនេះ ក៏បានដាក់ចេញនូវផែនការដោយបញ្ជាទៅផែនការងារបង្ការពន្លត់អគ្គីភ័យត្រូវពង្រឹងការងារបង្ការសង្រ្គោះអគ្គីភ័យឱ្យបានម៉ឺងម៉ាត់ដើម្បីទប់ស្កាត់អគ្គីភ័យឱ្យមានគុណភាពនិងប្រសិទ្ធភាព។ក្នុងនោះក៏ត្រូវចាត់មន្រ្តីចុះទៅផ្សព្វផ្សាយអប់រំម្ចាស់ទីតាំង អាជីកម្ម មុខរបរ ដែលមានហានិភ័យកើតឡើងគ្រោះអគ្គីភ័យរួមមានកន្លែងចំណតរថយន្តឯកជន និងរដ្ឋ កន្លែងលក់រថយន្ត ស្ថានីយ៍ និងដេប៉ូលក់ចែកចាយប្រេងឥន្ធនៈ ហ្គាស កន្លែងស្តុកទិញលក់អេតចាយជាដើម។  ដើម្បីឱ្យម្ចាស់ទីតាំងទាំងនោះយល់ដឹងពីបច្ចេកទេសនៃការសង្រ្គោះអគ្គីភ័យបឋម តាមរយៈការប្រើប្រាស់ករណ៍បច្ចេកសម្រាប់សង្រ្គោះអគ្គីភ័យ និងណែនាំឱ្យមានការចូលរួមប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហាអគ្គីភ័យនេះ ។ក្នុងនោះក៏បានណែនាំឱ្យមានការហ្វឹកហាត់ពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលសង្រ្គោះអគ្គីភ័យជាប្រចាំដើម្បីឱ្យមានជំនាញច្បាស់លាស់ក្នុងការចេញប្រតិបត្តិការសង្រ្គោះអគ្គីភ័យធានាឱ្យបានសុខសុវត្ថិភាព និងការសង្រ្គោះឱ្យបានលឿនឆាប់រហ័ស