ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបន្តចុះផ្តល់នូវគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋចំនួន ១១៥ គ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់

មណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ០១កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវត្រីស័ក..ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលព្រមទាំងលោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្តនិងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានបន្តចុះជាមួយថ្នាក់ដឹកនាំខេត្តអមដំណើរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី និងលោកប្រធានមន្ទីរនានាជុំវិញខេត្តព្រមទាំងអាជ្ញាធរដែនដីស្រុកពេជ្រាដាបានចុះសួរសុខទុកប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងស្រុកពេជ្រាដា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ១៩។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំនិងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។

បន្ទាប់មក អាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលទីតាំងមណ្ឌល សម្រាប់ទុកដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ និងចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅសាលាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕