ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តអញ្ជើញអមដំណើឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង

មណ្ឌលគិរី៖  នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញអមដំណើរ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងលោកមេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងខេត្តមណ្ឌលគិរី។

រួមទាំងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនិងអាជ្ញាធរស្រុកអូររាំងបានអញ្ជើញចុះពិនិត្យមើលទីតាំងនៃតំបន់បិទខ្ទប់មួយចំនួនស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូររាំង ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ស្ថិតក្នុងឱកាសនៃការចុះពិនិត្យនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក និងឃុំព្រមទាំងសមត្ថកិច្ចជំនាញ ត្រូវតែចុះពិនិត្យ និងតាមដានចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកផ្ទុកនៅជម្ងឺកូវីដ១៩ ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះដោយខ្លួនឯង។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋដែលនៅជាប់ធ្វេីចត្តាឡីស័កទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ១៩។

បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

ឈ្លាតក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីបានជួយឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច និងគ្រូពេទ្យជួរមុខ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ២គោលដៅ សរុបអង្ករចំនួន ២០០គីឡូក្រាម សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងថវិកា ១លានរៀល សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ។

តាមការលើកឡើងរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានឲ្យដឹងថា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ឫប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលត្រូវបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិអណ្តូងក្រឡឹង និងក្នុងភូមិពូឡា និងភូមិពូហ្យាមក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕