ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់បិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ខណៈកងទ័ពណាតូនាំគ្នាសម្រុកចាកចេញ

(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះបានឲ្យដឹងថា ពេលនេះក្រុមតាលីបង់បានបិទផ្លូវមិនឱ្យប្រជាជនអាហ្វហ្កានីស្ថាន ចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលទៀតនោះទេ ក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីសប្តាហ៍មុន ខណៈកងទ័ព ណាតូ (NATO) មួយភាគធំបានចាកចេញពីអាហ្វហ្កានីស្ថានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីចំណាយពេលក្នុង ប្រទេសអាស៊ីខាងត្បួងមួយនេះអស់រយៈពេល ២០ឆ្នាំ។

ដោយឡែក សហរដ្ឋអាមេរិកនៅតែបន្តប្រតិបត្តិការជម្លៀសរបស់ខ្លួន មុនថ្ងៃកំណត់ចូលមកដល់នៅថ្ងៃអង្គារ ទី៣១ ខែសីហាស្អែកនេះ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថាខ្លួននឹងដាក់សម្ពាធឱ្យក្រុមតាលីបង់ប្ដេជ្ញាចិត្តជាសាធារណៈដើម្បីអនុញ្ញាតឱ្យមនុស្សចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន នៅក្រោយថ្ងៃទី៣១ សីហា។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា គិតមកទល់ពេលនេះ មានមនុស្ស ២៥០នាក់ដែលអះអាងថាពួកគេជាពលរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយពួកគេទាំងនោះមិនទាន់បានសម្រេចចិត្តចាកចេញ ឬក៏មានផែនការភៀសខ្លួនពីប្រទេសអាហ្វហ្កានីស្ថាននៅឡើយទេ៕

ប្រភព៖ Fresh News, CGTN