ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោកតា​ លោកយាយ​ អាយុចាប់ពី១០០ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩

រៃវែង៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា លោកយាយអាយុចាប់ពី១០០ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅស្រុកកំចាយមារ ស្រុកមេសា ស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះផងដែរលោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករឭកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការនយោបាយឡើយ ហើយសម្តេចមិនទុកបងប្អូនណាម្នាក់ចោលនោះទេ។

លោកជំទាវក៏បានបន្តទៀតថា៖ នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ សម្ដេចបានខិតខំប្រឹងប្រែងស្វះស្វែងរកនូវវ៉ាក់សាំង ដើម្បីចាក់ជួបបងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទូទាំងប្រទេសធ្វើយ៉ាងណាដើម្បីបង្កើតភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូន្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទាំងអស់គ្នាដោយអនុវត្តនៅវិធានការនានា ជាពិសេសគឺ ៣ កុំ ៣ ការពារទាំងអស់គ្នា ទោះបីបានចាក់វ៉ាក់សាំងក៏ដោយ។

សូមបញ្ជាក់ផងដែរថា៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩​ មាន៖
-លោកយាយ សៀវ ជូ អាយុ១០០ ឆ្នាំ រស់នៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ។
-លោកតា តេង រាជ អាយុ ១០៤ ឆ្នាំ រស់នៅភូមិ អង្ក្រង២ ឃុំក្រញូង ស្រុកកំចាយមារ។
– លោកតា ហេង វង អាយុ ១០១ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង។
– លោកតាម៉ៅចិន អាយុ ១០០ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង។
– លោកតា នៅ ឯក អាយុ ១០០ ឆ្នាំ រស់នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច។
– លោកតា ហួត ជួប អាយុ ១០០ ឆ្នាំ រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ។
– លោកយាយ សួន ស អាយុ ១០០ ឆ្នាំ រស់នៅភូមិទួលសង្កែបណ្ដោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
សម្ភារផ្តល់ជូននោះមាន ថវិកា ៣លានរៀល អង្ករ,មី,ទឹកត្រី,ទឹកស៊ីអីវ,ទឹកសុទ្ធ មួយចំនួនផងដែរ៕