ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទនាំចេញមិនស្របច្បាប់ឆ្លងដែន

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់សិង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយជាប់ចោទពីបទការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ។ ហើយត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បាននៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅនឹងផ្ទះជនជាប់ចោទ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕