ព័ត៌មានអន្តរជាតិ

​ក្រុម តាលីបង់ ចូលកាន់កាប់ទីក្រុង កាប៊ូល បានទាំងស្រុង​ ខណៈប្រធានាធិបតី​អាហ្វហ្កានីស្ថានភៀសខ្លួនចេញពីប្រទេស

បន្ទាប់ពី​ប្រយុទ្ធ​ដណ្តើម​កាន់កាប់​ទីក្រុងនិងខេត្ត សឹង​ទាំងអស់​របស់​អាហ្វហ្កានីស្ថាន ​ក្នុង​រយៈពេល មិន​ដល់​១០ថ្ងៃ ពេលនេះក្រុមតាលីបង់បានដណ្តើម​អំណាចបានទាំងស្រុង នៅប្រទេស​អាហ្វហ្កានីស្ថាន។ កាលពីថ្ងៃអាទិត្យទី ១៥ ខែ​សីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមទាហាន​តាលីបង់​បាន​បោះជំហាន ចូល​ដល់​មាត់ទ្វារ ច្រកចូល រដ្ឋធានី​កាប៊ូល ដែលជា​ទីតាំង​ចុងក្រោយ​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

លំហរមេឃ​ទីក្រុង​កាប៊ូល កាលពី​ថ្ងៃអាទិត្យ គឺពាសពេញដោយ​យន្តហោះ​យោធាអាមេរិក ដែល​កំពុង​បើកប្រតិបត្តិការ ជម្លៀសជនជាតិ របស់ខ្លួន និង​បុគ្គលិកទូត ចេញពី​ស្ថានទូត​ក្នុង​រដ្ឋធានី​កាប៊ូល​សំដៅព្រលាន​យន្តហោះ​ទីក្រុង​កាប៊ូល។

តាម​ការបញ្ជារបស់​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន កងទ័ពអាមេរិកចំនួន ៥ពាន់​នាក់ ត្រូវដាក់ឲ្យនៅ​ប្រចាំការ ចាប់ពី​ថ្ងៃសៅរ៍ ទី​១៤ ខែសីហា ដើម្បី​ធានា សុវត្ថិភាព នៅ​ព្រលានយន្តហោះ ទីក្រុងកាប៊ូល។ អាមេរិក ​បាន​ជម្លៀស​បុគ្គលិក និង​អ្នកធ្វើការ​នៅ​ស្ថានទូត​របស់ខ្លួន​ទាំងអស់​ឲ្យ​ទៅ​ធ្វើការប្រមូលផ្តុំ​នៅ​ព្រលានយន្តហោះ​ទីក្រុងកាប៊ូល ដោយ​រក្សា​តែ​បុគ្គលិក​សំខាន់ៗ​ប្រមាណ ៥០នាក់​ប៉ុណ្ណោះ ឲ្យ​ស្ថិតនៅ ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​កាប៊ូល។

តាមការបញ្ជាក់របស់​មន្ទីរបញ្ចកោន អាមេរិកត្រូវ​ជម្លៀស​​មនុស្សសរុបជាង ៣ម៉ឺននាក់ ដែលអាច​ជាជនជាតិ​អាមេរិកាំង និង​ជនជាតិអាហ្វហ្កានីស្ថាន​ដែល​ធ្លាប់ធ្វើការ និងសហការ​ជួយ​កងទ័ព​អាមេរិក នៅអាហ្វហ្កានីស្ថាន។ ជនជាតិអាហ្វហ្កានីស្ថាន​ទាំងនោះ ដែល​អាច​ជាអ្នកបកប្រែ និងជាបុគ្គលិក​ក្នុង​ស្ថានទូតអាមេរិក អាច​ប្រឈម​នឹង​ការសម្លាប់សងសឹក បើសិន​ពួកតាលីបង់​ចូលកាន់អំណាច​នៅ អាហ្វហ្កានីស្ថាន។

តាមអ្នកកាសែត​បរទេស​ដែលកំពុង​យកការណ៍​ផ្ទាល់​នៅ​ទីក្រុងកាប៊ូល គេ​ឃើញ ផ្សែង​ហ៊ុយទ្រលោម​ចេញពី​ក្នុង​បរិវេណ​ស្ថានទូតអាមេរិក ដែលវា​ជា​ផ្សែងចេញមក​ពីការដុតឯកសារ និងសំភារៈ​របស់មន្រ្តីទូត​អាមេរិក ក្រោយ​ទទួលបាន​បញ្ជា​ឲ្យ​បំផ្លាញ​ចោលទាំងអស់នូវឯកសារអាមេរិក នៅអាហ្វហ្កានីស្ថាន ដើម្បី​ជៀសវាង ធ្វើយ៉ាងណា​កុំ​ឲ្យ​ឯកសារ និង​សំភារៈ​ទាំងនោះ​ធ្លាក់ចូលក្នុង​ដៃ​របស់​ពួកតាលីបង់។

ក្រៅពីអាមេរិក អង់គ្លេស​ក៏បានប្រញាប់ប្រញាល់​បញ្ជូនទ័ព​របស់ខ្លួនចំនួន ៦០០នាក់ ឲ្យទៅ​ជម្លៀសប្រជាជន​ខ្លួន ចេញពី​រដ្ឋធានី​កាប៊ូលដែរ។ ចំណែក អង្គការ​អូតង់ ដែល​បាន​សហការ​ចាប់ដៃគ្នា​ជាមួយ​អាមេរិក ធ្វើសង្រ្គាម​នៅអាហ្វហ្កានីស្ថាន បាន​អះអាងថា គេ​បាន​ជម្លៀស​មន្រ្តីអឺរ៉ុបទៅកាន់​ទីកន្លែង​សម្ងាត់ និង​សុវត្ថិភាព​មួយ នៅ​កាប៊ូល។ នៅពេល​ក្រុមប្រទេស​លោកខាងលិច ប្រញាប់ប្រញាល់​ជម្លៀស​ជនជាតិ​របស់ខ្លួន​ចេញពីក្រុង​កាប៊ូល ដោយសារ​ខ្លាច ការវាយប្រហារ​របស់​ក្រុមតាលីបង់ មន្រ្តីក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ថា រុស្ស៊ី​នឹង​មិន​ជម្លៀសជនជាតិ​ខ្លួន​ចេញពី​អាហ្វហ្កានីស្ថាននោះទេ ព្រោះថា ពួកតាលីបង់ បាន​ធានា​អះអាង​រួចហើយថា នឹង​មិនគំរាមកំហែង សន្តិសុខ​របស់​ជនជាតិ​រុស្ស៊ី​នោះទេ។

តាម​មន្រ្តីក្រសួងការបរទេស​រុស្ស៊ីដដែលបានឲ្យដឹងថា រុស្ស៊ីកំពុង​ធ្វើការ​ជាមួយដៃគូ​ដើម្បី​រៀបចំ​កិច្ចប្រជុំបន្ទាន់​នៅក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​និយាយអំ​ពី​អាហ្វហ្កានីស្ថាន ក្នុង​កាលៈទេសៈ ដែល​ក្រុម​តាលីបង់ កំពុង​ឈាន​កាន់កាប់​ទឹកដី​អាហ្វហ្កានីស្ថានទាំងស្រុង។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ថា ក្រុមតាលីបង់​ចង់​ឲ្យមាន​ការផ្ទេរអំណាច​ដោយ​សន្តិភាព នៅប៉ុន្មានថ្ងៃ​ខាងមុខ

នៅក្នុង​សារទ្វីតធ័រនៅថ្ងៃអាទិត្យទី ១៥ ខែសីហា អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមតាលីបង់​បាន​សរសេរ​ថា គេ​បានបញ្ជារ​ឲ្យ​ទាហាន​តាលីបង់ទៅ​រង់ចាំនៅមាត់ច្រកទ្វាររដ្ឋធានី​កាប៊ូល។ ក្រុមទាហាន​តាលីបង់​បាន​ទទួល​បញ្ជា​ផងដែរ មិន​ឲ្យ​សម្លាប់​ ឬ​ធ្វើ​ឲ្យ​របួស​ប្រជាជន​ស៊ីវិល​នោះទេ។ មួយវិញ ពួកគេ​ត្រូវ​បើកផ្លូវ​ឲ្យ​ប្រជាជន​ចេញពី​ទីក្រុង​កាប៊ូល បើសិនប្រជាជន​​ចង់ចាកចេញ។ ចំណែក​មនុស្ស​ស្រី ត្រូវ​បាន​អ្នកនាំពាក្យ​របស់ក្រុមតាលីបង់នៅទីក្រុង​ដូហា ប្រទេស​កាតា អំពាវនាវ​ឲ្យ​ជ្រកកោន នៅ​កន្លែង​ដ៏មាន​សុវត្ថិភាព។ តាម​អ្នកនាំពាក្យ​របស់​ពួកតាលីបង់ ពួកគេ​មិនចង់​ឲ្យ​ប្រជាជន​ស្លូតត្រង់​បាត់បង់ជីវិតនោះ ប៉ុន្តែពួកគេ​ក៏​មិន​ព្រមចុះ​បទឈប់បាញ់​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថានដែរ។

ប៉ុន្តែ ខុសពីការលើកឡើង​របស់​អ្នកនាំពាក្យក្រុមតាលីបង់ អ្នកទទួលខុសត្រូវ​របស់​ក្រសួងមហាផ្ទៃ​អាហ្វហ្កានីស្ថានបាន​​និយាយ​ថា គេបាន​ឃើញយុទ្ធជន​ប្រយុទ្ធ​របស់​តាលីបង់​ដើរចូល​តាម​គ្រប់ច្រក ទៅ​ក្នុង​ជាយក្រុង​កាប៊ូល។ ប្រជាជន​ក្នុង​ទីក្រុង​កាប៊ូល​បាន​បញ្ជាក់​ព័ត៌មាននេះ ប្រាប់​អ្នកកាសែតអន្តរជាតិ។

នៅពេល​ក្រុមតាលីបង់ រំកិល ចូល​ដល់​មាត់ច្រកទ្វារ​ទីក្រុង​កាប៊ូល ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​ចេញ​សេចក្តីប្រកាស អំពាវនាវ​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន កុំ​ឲ្យ​តក់ស្លុត ព្រួយបារម្ភ ហើយថា នឹង​គ្មាន​ការវាយប្រហារ​ណាមួយ​ទៅលើ​ទីក្រុង​កាប៊ូល​នោះទេ។ រដ្ឋាភិបាល អាហ្វហ្កានីស្ថាន​ក៏បានអះអាងដែរ​ថា នឹង​មានការផ្ទេរអំណាចដោយ​សន្តិភាព​ទៅឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ។

ចំណែកឯក្រុមតាលីបង់​វិញបាន​សន្យា​ថា នឹង​មិន​សងសឹក​មន្រ្តី ទាហាន​ដែល​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ នៅទីក្រុង​កាប៊ូលផ្ទាល់ ទោះបី​ជា​មាន​ការប្រកាស​​ធានា​ពី​រដ្ឋាភិបាលយ៉ាងណាក្តី ប្រជាជនអាហ្វហ្កានីស្ថាន​បាននាំគ្នា​សម្រុក ទៅដកលុយ​ចេញពីធនាគារ រីឯប្រជាជន​ដែល​រត់ភៀសខ្លួន មកពីខេត្ត​ដែលរងការវាយប្រហារ​របស់​ពួកតាលីបង់ ត្រូវរស់នៅពពាក់ពពូនគ្នា នៅតាម​ផ្លូវ ទីលានសាធារណៈ ដោយ​ពួកគេ​ត្រូវ​ជាប់គាំង មិនដឹងចេញទៅ​ច្រកណា ខណៈដែលមានតែទីក្រុង កាប៊ូល តែប៉ុណ្ណោះដែល​ជាកន្លែងជ្រកកោន​ចុងក្រោយរបស់ពួកគេ បន្ទាប់ពី​បាន​រត់ភៀសខ្លួន​ចេញពី​បណ្តាខេត្ត ដោយសារ​តែ​ខ្លាច​ក្រុមតាលីបង់​សម្លាប់។

 

ភ្នំពេញ ថ្ងៃទី ១២ខែ មេសា ឆ្នាំ ១៩៧៥ និង​កាប៊ូល ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១

ពួកតាលីបង់ ដែល​គេ​ស្គាល់ជាទូទៅថា មាននិន្នាការ​ជ្រុលនិយម ផ្តាច់ការ ហិង្សា និងគ្រោះថ្នាក់​ជាពិសេស សម្រាប់​មនុស្សស្រីអាហ្វហ្កានីស្ថាន បាន​បោះជំហាន​ចូល​ដល់​មាត់ទ្វារ ច្រកចូល​ក្រុង​កាប៊ូល។ រូបភាពនេះ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ទៅដល់​ហេតុការណ៍ នៃការធ្លាក់​ទីក្រុង​ភ្នំពេញ ទៅក្នុង​ដៃ​របស់​ពួកខ្មែរក្រហម នៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥។ នៅពេលនោះ អាមេរិក គិតតែ​ជម្លៀស​ជនជាតិ​របស់ខ្លួនតាម​ឧទ្ធម្ភាគចក្រ ​ចេញពី​ស្ថានទូត និងបាន​បោះបង់​ចោល​រដ្ឋាភិបាលសាធារណរដ្ឋ​របស់​លោកសេនាប្រមុខលន់ ណុល ឲ្យនៅ​តតាំង​ជាមួយ​ទាហាន​ខ្មែរក្រហម។

នៅពេល កងទ័ព​ខ្មែរក្រហម​បាន​វាយសម្រុក​ចូល​ជិត​ដល់​ទីក្រុង​ភ្នំពេញ អាមេរិក​ដែល​ធ្លាប់ផ្តល់​ថវិកា ផ្តល់ទំនុកបំរុង ជំនួយយោធា​ដល់​រដ្ឋាភិបាល​របស់​សេនាប្រមុខ​លន់ ណុល អស់រយៈពេល ៥ឆ្នាំ ដើម្បីទប់ស្កាត់ ការបោះជំហាន​របស់​ទាហាន​កុម្មុយនិស្ត​វៀតណាម នៅទីបំផុត ក៏​បាន​បោះបង់​ចោល រដ្ឋាភិបាល​របស់​លោក លន់ ណុល និង​បាន​បណ្តោយ​ឲ្យ​កម្ពុជា​ទាំងមូល​ធ្លាក់ក្នុងដៃ​កាន់កាប់​របស់​ពួកទាហាន​ខ្មែរក្រហម។

សម្រាប់​ករណី​អាហ្វហ្កានីស្ថាន ក៏ដូចគ្នាដែរ។ ដោយសារដកទ័ព​យ៉ាងបន្ទាន់ លឿនរហ័ស អាមេរិក​បាន​បណ្តោយ​ឲ្យ​អាហ្វហ្កានីស្ថាន រអិលធ្លាក់ក្នុង​ដៃ​របស់ពួកតាលីបង់ ដែល​ធ្លាប់​គ្រប់គ្រង​អាហ្វហ្កានីស្ថាន ដោយ​ប្រើអំណាចផ្តាច់ការ បំបិទសិទ្ធិសេរីភាព និង​ប្រឆាំងរាល់​ទម្រង់រូបភាពទាន់សម័យទំនើប។

ឆ្លៀតឱកាស​ដែលអាមេរិក​ដកកងទ័ពពីអាហ្វហ្កានីស្ថាន ក្រុមតាលីបង់ដែល​មាន​ចំនួនសមាជិកតិចតួច គ្មាន​សព្វាវុធ​ទំនើបច្រើន​ដូច​កងទ័ព​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ស្រាប់​តែ​បានដៃវាយប្រយុទ្ធ ដណ្តើម​គ្រប់គ្រង​អាហ្វហ្កានីស្ថានក្នុង​រយៈពេលមិន​ដល់០​៣ខែ។

អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ព្រមាន​រួចហើយពីគ្រោះថ្នាក់​ដល់អាយុជីវិត ជាពិសេស សម្រាប់មនុស្ស​ស្រីអាហ្វហ្កានីស្ថាន សកម្មជន​សិទ្ធិមនុស្ស ប្រសិនបើ​អាហ្វហ្កានីស្ថាន​ធ្លាក់​ក្នុង​ការគ្រប់គ្រង​របស់​ពួកតាលីបង់។ ក្រុមតាលីបង់ ធ្លាប់បាន​សន្យាហើយថា នឹង​អនុវត្ត​ច្បាប់​អ៊ីស្លាម​ដ៏តឹងរ៉ឹងឡើងវិញ នៅអាហ្វហ្កានីស្ថាន។

ក្រុមតាលីបង់​គ្រោះថ្នាក់​សម្រាប់​មនុស្សស្រី អាហ្វហ្កានីស្ថាន ហើយនិង​អាច​ផ្តល់ជំរក​សារជាថ្មី​ដល់​ក្រុមបណ្តាញ​អាល់កៃដា ដែល​ជា​សត្រូវ​របស់អាមេរិក។ ហេតុអ្វីបានជា​ប្រធានាធិបតីអាមេរិក នៅតែបន្ត​ដកខ្លួន​ចេញពីអាហ្វហ្កានីស្ថាន?

លោក ចូ បៃដិន បានលើកឡើង​ថា លោកមិនចង់ផ្ទេរសង្រ្គាមអាហ្វហ្កានីស្ថាន​ទៅ​ឲ្យ​ប្រធានាធិបតី​អាមេរិកទី៥នោះទេ

ប្រឈម​នឹង​ពាក្យរិះគន់ពីគ្រប់ទិស លោកប្រធានាធិបតី​ ចូ បៃដិន បាន​ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ​សៅរ៍ ទី១៤ ខែ​សីហាសប្តាហ៍កន្លងទៅ ដើម្បី​បញ្ជាក់សាជាថ្មី​ថា ហេតុអ្វី​បានជា​លោកត្រូវ​តែដកទ័ពអាមេរិក​ចេញពីអាហ្វហ្កានីស្ថាន។

តាមការបកស្រាយរបស់​លោក​ប្រធានាធិបតី ចូ បៃដិន បានឲ្យដឹងថា អាមេរិក​បាន​ធ្វើ​សង្រ្គាម​នៅអាហ្វហ្កានីស្ថានអស់រយៈពេល ២០ឆ្នាំមកហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹង​ក្រុមដែល​បាន​វាយប្រហារភេរវកម្មទៅលើ​​អាមេរិកកាលពី​ថ្ងៃទី ១១​កញ្ញា ឆ្នាំ​២០០១។ នៅ​ឆ្នាំ ២០០១ អាមេរិក ចាប់ផ្តើម​ចូល​ឈ្លានពាន អាហ្វហ្កានីស្ថាន ដើម្បី បណ្តេញ​ពួកតាលីបង់​ចេញពី​អំណាច ដោយសារ​តែ​ក្រុមតាលីបង់​បដិសេធ​មិនព្រម​ប្រគល់ខ្លួន ​អូសាម៉ា បិនឡាដិន មេដឹកនាំ​បណ្តាញ​អាល់កៃដា ដែលជាអ្នកវាយប្រហារ​ភេរវកម្មលើអាគារពាណិជ្ជកម្មពិភពលោក (World Trade Center) នៅទីក្រុង​ញូវយ៉ក។ ១០ឆ្នាំក្រោយ អាមេរិក​បាន​សម្លាប់ អូសាម៉ា បិនឡាដិន ប៉ុន្តែ ទាហាន​អាមេរិក នៅតែ​បន្តជាប់ផុងក្នុង​សង្រ្គាមនៅ​អាហ្វហ្កានីស្ថាន។

សូមជម្រាបថា ក្នុងរយៈពេល​២០ឆ្នាំមកនេះ អាមេរិក​បាន​ចំណាយថវិកា ជាង ១ទ្រីលានដុល្លារ (១លានលានដុល្លារ) សម្រាប់​ធ្វើ​សង្រ្គាម​នៅអាហ្វហ្កានីស្ថាន ដែលក្នុង​មានដូចជា ការបណ្តុះបណ្តាល​ប៉ូលិស ទាហាន​អាហ្វហ្កានីស្ថាន ជាង ០៣ សែននាក់ ​បំពាក់អាវុធឲ្យ​កងទ័ពអាហ្វហ្កានីស្ថាន និងជួយគ្រប់បែបយ៉ាង​ដល់​កងទ័ព​អាកាស​អាហ្វហ្កានីស្ថាន។

សម្រាប់​ប្រធានាធិបតី​អាមេរិក ទោះបីជាទ័ព​អាមេរិក បន្តឈរជើង នៅ​អាហ្វហ្កានីស្ថាន ០១ឆ្នាំ ឬ ០៥ឆ្នាំបន្ថែម​ទៀត ក៏នឹង​មិនអាចជួយ​ឲ្យ​មានការផ្លាស់ប្តូរអ្វី​ច្រើនដែរ ប្រសិនបើកងទ័ពអាហ្វហ្កានីស្ថានមិនអាចឬ​មិន​ព្រម​ក្តោបក្តាប់​ជោគវាសនា​របស់ខ្លួន។ លោក​បៃដិន​បាន​និយាយ​ទៀតថា លោក​មិនអាច​ទទួល​យកបានទេ ដែលអាមេរិក​មិន​អាច​ដកទ័ព​ចេញ​ឲ្យអស់​ពី​ប្រទេស​មួយដទៃមួយ ដែល​កំពុងជាប់គាំង​ក្នុង​សង្រ្គាម​ស៊ីវិលនោះ។

ជាមួយគ្នានេះ លោក ចូ បៃដិន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា លោកគឺ​ជា​ប្រធានាធិបតីអាមេរិក ទី​៤ ហើយ (២នាក់ មកពី​គណបក្ស​សាធារណរដ្ឋ និង​២នាក់​មក​ពី​បក្ស​ប្រជាធិបតេយ្យ) ដែល​ឃើញ​កងទ័ពអាមេរិក​បន្តមានវត្តមាននៅអាហ្វហ្កានីស្ថាន ដូច្នេះ លោកនឹងមិនផ្ទេរបន្ត​សង្រ្គាមមិនចេះចប់​មួយនេះទៅ​ឲ្យ​ប្រធានាធិបតីអាមេរិកថ្មីនោះទេ។

ទោះបីជាប្រធានាធិបតីអាមេរិក​នៅតែរក្សា​ជំហរ​ដកទ័ព​ចេញពីអាហ្វហ្កានីស្ថាន ប៉ុន្តែ លោក​នៅតែ​ធានាថា​អាមេរិក​នឹង​ជំរុញ​ឲ្យពួកតាលីបង់ចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ ដើម្បី​ដោះស្រាយ​តាមផ្លូវនយោបាយ និង​ជៀសវាង​ការបង្ហូរឈាមនៅអាហ្វហ្កានីស្ថាន។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក​បាន​ព្រមាន ទៅគណៈប្រតិភូតាលីបង់ ​នៅ​ទីក្រុង​ដូហា ហើយថា អាមេរិក​នឹង​ចាត់វិធានការវាយបកខ្លាំង បើសិនក្រុមសកម្មប្រយុទ្ធ​តាលីបង់ហ៊ាន​បង្កគ្រោះថ្នាក់ប៉ះពាល់ ដល់​អាយុជីវិត​របស់​ពលរដ្ឋអាមេរិកាំងនៅ​ទឹកដីអាហ្វហ្កានីស្ថាន៕

ប្រភព៖ RFI Khmer