ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម សុខ សំណាង អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ ស្ថិតនៅភូមិអណ្តូងគៀន ភូមិផ្សារ​ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម សុខ សំណាង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ខេត្ត អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន រួមដំណើរដោយលោក លោកស្រី អនុប្រធានក្រុមការងារចុះជួយឃុំភ្នំដិនអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ ស្ថិតនៅភូមិអណ្តូងគៀន ភូមិផ្សារឃុំភ្នំដិន ស្រុកគិរីវង់ខេត្តតាកែវដោយមានការចូលរួមពីៈក្រុមការងារថ្នាក់ ខេត្ត ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ។

      ឆ្លៀតក្នុងពិធីនោះដែរឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ ឯកឧត្តម សុខ សុកាន រដ្ឋលេធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នឹងជាប្រធានក្រុមការងារចុះជួយស្រុកគិរីវង់ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ព្រមទាំងនាំយកអំណោយឧបត្ថម្ភផ្ទាល់ខ្លួនមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន១១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ១យួរ ម៉ាស់ចំនួន០២ប្រអប់។ ដោយឡែកលោកមេឃុំ ក្រុមព្រឹក្សាឃុំ មេភូមិទទួលបានអង្ករចំនួន២០គីឡូក្រាម មីចំនួន០៥កេស ម៉ាស់ចំនួន០៥ប្រអប់ ទឹកសុទ្ធចំនួន០៥កេស ត្រីខ១យួរ ជេលចំនួន០២ដប ហើយក្នុងមួយភូមិទទួលបានអាល់កុលចំនួន៩០លីត្រ និងកងកម្លាំងនគរបាល ប្រជាការពារប្រចាំការតំបន់បិទខ្ទប់ចំនួន០២គោលដៅទទួលបានមីចំនួន១០កេស ទឹកសុទ្ធចំនួន១០កេស អាល់កុលចំនួន៣០លីត្រ និងម៉ាស់ចំនួន១០ប្រអប់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ មានមតិសំណេះសំណាលទៅកាន់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋនៅទីនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះវាបំលែងខ្លួនថ្មីងាយឆ្លងណាស់។ ទន្ទឹមនឹងនោះដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩) ត្រូវតែអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំនិង៣ការពារ)ផងដែរ៕