ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអភិបាលស្រុកបាកានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖  កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣៥នាទីព្រឹក ដល់ម៉ោង៤និង៤៥នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានសហការជាមួយ ក្រុមប្រឹក្សាឃុំមេទឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន កម្លាំងរដ្ឋបាលជលផលរាំងទិលកម្លាំងបរិស្ថាន កម្លាំងប្រជាការពារ និងកម្លាំងសហគមន៍ សរុបចំនួន ៤០នាក់ ដោយប្រើកាណូតចំនួន០៧គ្រឿង ដឹកនាំដោយលោកផាយ ឡេង  អភិបាលនៃគណៈអភិបាលស្រុកបាកាន បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចទន្លេស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលបង្រ្កាបសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្សចំនួន០២នាក់៖ ឈ្មោះ អាង កេ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប

ឈ្មោះ កាន់ តឿយ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា

ឧបករណ៍បទល្មើសនេសាទដែលសមត្ថកិច្ចដកហូតបានរួមមាន៖ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាល្អិតចំនួន ០៩ខ្សែ ប្រវែង៦៣០០ម៉ែត្រ,ក្បាលបរចំនួន ២០គ្រឿង,

បង្គោលចំរ៉ឹងចំនួន ២៤០០ដើម និងត្រីចម្រុះចំនួន ៤០គីឡូក្រាមត្រូវបានសមត្ថកិច្ចចាក់លែងចូលទៅក្នុងទន្លេវិញ រីឯឧបករណ៍បទល្មើសនេសាទខាងលើត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង។

ចំពោះជនល្មើសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំមិនឲ្យប្រព្រឹត្តបទល្មើសនេសាទបន្តទៀត និងបានឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ៕