ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច បានកសាងរួចរាល់ជាស្ថាពរដែលអាចផ្គត់ផ្គង់ទឹកដល់ស្រែវស្សាជាង៣ពាន់ហិកតា របស់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ជាគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង៦ នៃគម្រោងកែលំអរ និងស្ដារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគខាងលិច បឹងទន្លេសាប ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន មានទីតាំងស្ថិតក្នុង ឃុំអញ្ជាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គម្រោងមួយនេះបានសាងសង់រួចរាល់ជាស្ថាពររួចហើយ ដែលអាចយកទឹកស្រោចស្រពលើផ្ទៃដីចំនួន៣ ២៨៩ ហិកតា ក្នុងស្រុកចំនួន៣គឺស្រុកបរិបូរណ៌, ស្រុកទឹកផុស និងស្រុករលាប្អៀរ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ សមិទ្ធផលថ្មីនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក ដើម្បីធានាផ្គត់ផ្គង់ ក្នុងការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើក ស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀង ប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ នាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។

បើគិតមកដល់ពេលនេះ ធារាសាស្ត្រលំហាច បានកសាងរួចរាល់ជាស្ថាពររួចទៅហើយ នៅសល់តែការកែលំអរបន្តិចបន្តួចតែប៉ុណ្ណោះ។ សំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឱ្យការងារស្រោចស្រពផ្ទៃដីស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកបរិបូណ៌ ស្រុកទឹកផុស និងស្រុករលាប្អៀរ ផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ពីសំណង់ធារាសាស្ត្រលំហាច ថ្មីនេះរួមមាន៖ សំណង់ក្បាលហុងទឹក ០១ កន្លែង, សំណង់នាំទឹក ០១ កន្លែង, សាងសង់ប្រឡាយមេ បេតុង ចំនួន ០១ ខ្សែ មានប្រវែង ១៦,៤០ គីឡូម៉ែត្រ, សាង់សងប្រឡាយថ្នាក់ទី ២ ជាបេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ,សាងសង់ប្រឡាយរំដោះទឹក១៥ ខ្សែ ស្មើនឹងប្រវែង៥២,៩០គីឡូម៉ែត្រ , សាងសង់ប្រឡាយថ្នាក់ទី ៣ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ, សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង, សាងសង់សំណង់អគារសហគមន៍ កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង។ លោកសង្ឃឹមថា ប្រព័ន្ធធារាសាស្ត្រលំហាច នឹងក្លាយជាទីរម្មណីយ៍ដ្ឋានថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាពុំខាន ៕