ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំពិភាក្សាអំពីនិតិវិធី នៃការស្នើសូមលើកផ្ទាំងប៉ាណូ

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១​ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីនិតិវិធី នៃការស្នើសូមលើកផ្ទាំងប៉ាណូទាំងស្រង់ទិន្នន័យផ្ទាំងប៉ាណូដែលលើកតាមក្រុង ស្រុក (មានច្បាប់ ឬមិនមានច្បាប់អនុញ្ញាត) ដើម្បីរកវិធីសាស្ត្រក្នុងការជម្រុញឱ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

កិច្ចប្រជុំបានពិភាក្សា និងសម្រេចដូចខាងក្រោម៖ ១/ការស្នើសូមតម្លើងប៉ាណូ គឺត្រូវរៀបចំឱ្យស្របនឹងនីតិវិធីណែនាំ (តាមទំហំ នៃការស្នើសូម) បើក្រោម៤ម៉ែត្រការ៉េ ត្រូវសម្រេចនៅថ្នាក់ក្រុង ស្រុក និងចាប់ពី៤ម៉ែត្រការ៉េឡើងត្រូវស្នើមក រដ្ឋបាលខេត្ត ដោយមានអង្គភាពច្រកចេញចូលតែមួយ ជាអ្នកសម្របសម្រួល ក្នុងនោះខេត្តនឹងរៀបចំក្រុមការងារ ដើម្បីចុះពិនិត្យ និងវាយតម្លៃ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំសម្រេច។ ២/ក្នុងការរុះរើផ្ទាំងប៉ាណូ ដែលគ្មានច្បាប់អនុញាត រឺមានទីតាំង និងស្តង់ដាររៀបចំផ្ទាំងប៉ាណូមិនត្រឹមត្រូវ គឺខេត្តត្រូវរៀបចំក្រុមការងារខេត្ត ដោយមានមន្រ្តីជំនាញចូលរួម ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែង និងធ្វើរបាយការណ៍រួមមួយ ដើម្បីថ្នាក់ដឹកនាំខេត្តពិនិត្យ និងសម្រេច។ ៣/ត្រូវមានការជូនដំណឹងជាលាយល័ក្ខអក្សរអំពីការរុះរើអោយបានច្បាស់លាស់ និងផ្តល់ពេលសមស្របសម្រាប់ម្ចាស់ប៉ាណូក្នុងការរុះរើ៕