ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលស្រុកបន្ទាយមាស បាននាំយកអំណោយរបស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត ជូនដល់ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលកំពង់ធ្វើចត្តាឡីស័កនៅផ្ទះ

ខេត្តកំពត៖ នៅរសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស រួមដំណើរដោយ លោក ជុំ សារឿន នាយករដ្ឋបាលសាលាស្រុក ,លោក នាក់ ឌឹម អធិការនគរបាលស្រុក ,ក្រុមប្រឹក្សាឃុំបន្ទាយមាសខាងលិច នាយប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយមាសខាងលិច ,សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាំយកអំណោយរបស់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០គ្រួសារ នៅភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ពាក់ព័ន្ធជាមួយនឹង លោកយាយ និល គា ដែលបានទទួលមរណៈដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ កន្លងមក ។ អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ ២០គីឡូក្រាម,មីថៃ ១កេស,ត្រីខ ១០កំប៉ុង និងទឹកត្រី១យួរ ក្នុង១គ្រួសារៗ ។
នាឱកាសនេះផងដែរ លោកអភិបាលស្រុកក៏បាន ពាំនាំសូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក ដោយសូមអោយបងប្អូនយល់អំពីការធ្វើចត្តាឡីស័កនេះ គឺធ្វើឡើងដើម្បីការពារសុខភាពសាធារណៈ ការពារអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ដូចនេះសូមពុកម៉ែបងប្អូន មេត្តាអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដោយកុំចេញក្រៅផ្ទះទៅទីសាធារណៈ នឹងតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបើមានអាការៈ មិនស្រួលខ្លួន យ៉ាងណានោះ សូមរាយការជូនដល់អាជ្ញាធរឃុំ មានក្រុមប្រឹក្សាឃុំ ឬកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីអន្តរាគមន៍ បញ្ចូនទៅព្យាបាលបានទាន់ពេលវេលា។

សូមបងប្អូន មេត្តាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ ៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ លាងដៃ នឹងសាប៊ូ ជែល អាល់កុល មុនពេល និងក្រោយពេល ចាប់កាន់ប៉ះ សម្ភារៈអ្វីផ្សេងៗ ៕