ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ០៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖  ជនសង្ស័យចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់ កាលពីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិសាស្ត្រក្រុងពោធិ៍សាត់

លោកវរសេនីយ៍ទោ ហែម មុនី ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថាដោយមានការចង្អុលការ ពីលោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងមានការដឹកនាំសម្របសម្រួលផ្ទាល់ ពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកស្នងការរង បានដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន    សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រើប្រាស់វិធានការញុះញ៉ុងឲ្យថ្នាំញៀន ទៅលើមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ជាលទ្ធផល នៅវេលាម៉ោង១៩និង១៧នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ជា សំបូរ ហៅបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅចំណុចខ្នងប្រឡាយខាងកើតផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ព្រមទាំងមធ្យោបាយម៉ូតូ០១គ្រឿង លុយខ្មែរចំនួន៦៦ម៉ឺនរៀល ទូរស័ព្ទ០៣គ្រឿង និងបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩កញ្ចប់ ធំ៤កញ្ចប់ ប្រដាប់ជក់ថ្នាំញៀន ០១កំប្លេ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង បន្ទាប់មកសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនអ្នកទាក់ទងតាមទូរស័ព្ទរបស់ជនសង្ស័យផ្សេងទៀត ដែលមកទិញថ្នាំពីជនសង្ស័យខាងលើ យកទៅប្រើប្រាស់ ចំនួន ០៤នាក់ និងមធ្យោបាយម៉ូតូចំនួន៤គ្រឿងផងដែរ

លោកស្នងការរង បានបន្តថា នៅវេលាម៉ោង២០និង២៥នាទី យប់ថ្ងៃដដែល កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន បានចេញល្បាតនៅចំណុចលើដងផ្លូវស្ថិត ក្នុងភូមិចំការចេកខាងជើង បានប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យ ក៏ឃាត់ខ្លួនឆែកឆេរ រកឃើញអំពូលសំរាប់ជក់ថ្នាំញៀន០១ និងដែកកេះចំនួន០១ ជនសង្ស័យមានឈ្មោះ វាសនា សែនជ័យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់

លោកវរសេនីយ៍ទោ ហែម មុនី ស្នងការរង បានបន្ថែមថា បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានដើម្បីសួរនាំ និងបន្តនីតិវិធី