រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងបិទទីតាំងភោជនីយដ្ឋាន (ដាយមិនរីវើផាប់)ជាបណ្ដោះអាសន្ន ក្រោយរកឃើញថាមានបុគ្គលិកប្រុស ស្រីនៅទីនោះបានឆ្លងនូវកូវីដ-១៩ ភោជនីយដ្ឋានមួយនេះ ឋិតនៅកណ្ដាលក្រុងក្រចេះ

រសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថនអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងបិទទីតាំងភោជនីយដ្ឋាន (ដាយមិនរីវើផាប់)ជាបណ្ដោះអាសន្ន ក្រោយរកឃើញថាមានបុគ្គលិកប្រុស ស្រីនៅទីនោះបានឆ្លងនូវកូវីដ១៩ ភោជនីយដ្ឋានមួយនេះ ឋិតនៅកណ្ដាលក្រុងក្រចេះ ក្បែរនឹងមន្ទីរពេទ្យបង្អែកខេត្តក្រោយពីក្រុមគ្រូពេទ្យ បានយកសំណាកហើយធ្វើតេស្តរហ័សទៅលើបុគ្គលិក ធ្វើការនៅក្នុងភោជនីយដ្ឋានមួយនេះ ជាលទ្ធផលរកឃើញអ្នកផ្ទុកនូវជំងឺ

កូវីដ១៩ ចំនួន២៨ ស្រី២០នាក់ (ចំនួនបុគ្គលិកសរុបដែលពាក់ព័ន្ធបានធ្វើតេស្ក ចំនួន៣៥នាក់)ក្រោយពីរកឃើញថាមានអ្នកមកហូបចុក នៅទីនេះ ហើយមានមានផ្ទុកនូវវីរុសកូវីដ១៩ហើយបានចម្លងទៅដល់បុគ្គលិកដែលធ្វើការនៅក្នុងរមណីយដ្ឋានមួយនេះ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យ និងបិទផ្អាកទីតាំងភោជនីយដ្ឋាន (ដាយមិនរីវើផាប់)

ជាបណ្ដោះអាសន្ន ខាងលើនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើណែនាំដល់ម្ចាស់ហាង និងបុគ្គលិក ដទៃទៀតដែលបានធ្វើតេស្តរហ័សរកវិរុសកូវីដ១៩ហើយតែអវិជ្ជមានគឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅទីនេះតែម្តង ដោយមិនត្រូវអនុញ្ញាតអោយចេញទៅខាងក្រៅជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា÷ ជាគោលការណ៍បន្ត យើងស្រាវជ្រាវស្វែងរកតាមដានអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ដែលបានមកហូបចុក នៅក្នុងរមណីយដ្ឋានដាយមិនរីវើផាប់ខាងលើនេះកាលពីអំឡុងល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។ជាមួយគ្នានោះដែរ អាជ្ញាធរមានសមត្ថកិច្ចយើងបានធ្វើការបិទផ្លូវជួរមាត់ទន្លេ នៅជុំវិញបរិវេណភោជនីយដ្ឋានខាងលើនេះ និងបានណែនាំដល់ម្ចាស់តូប ហាង លក់អាហារហូបចុកមួយចំនួនទៀត នៅក្បែរទីតាំង រមណីដ្ឋានដែលផ្ទុះជំងឺនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នអោយបានខ្ពស់ជានិច្ច។

សូមបញ្ជាក់ដែរថា÷ នៅក្នុងខេត្តក្រចេះគិតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ រកឃើញអ្នកផ្ទុកនូវវីរុសកូវីដ១៩ ចំនួន៥៥ករណីជាសះស្បើយចំនួន១៥នាក់ ស្លាប់១នាក់ បច្ចុប្បន្ននៅសល់ ចំនួន៣៩នាក់ កំពុងសម្រាក់ព្យាបាលនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕