ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកមោងឫស្សី ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនបុរសម្នាក់ក្នុងករណីជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង៖​ ដោយអនុវត្តតា​ម​មតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ រួមជា​មួយយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ នៅថ្ងៃព្រហស្បតិ៍ ទី២៤​ ខែ​មិថុនា​ ឆ្នាំ​២០២១ វេ​លា​ម៉ោង​១៥ និង១០នាទី នៅចំ​ណុច​ក្រុមទី០៩ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោ​ង​ឫស្សី ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលស្រុក​មោងឫស្សី​ បានដឹក​នាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនមួយករ​ណី តាមដីកាលេខ៣៥៧ ត.ព្រ ចុះថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ​២០​២១ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរនៃសា​លាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យនាំខ្លួនឈ្មោះ អឿន ដារ៉ា ហៅ គង់ ភេទប្រុស អាយុ​ ៣២ឆ្នាំ រស់នៅក្រុមទី០៩ ភូមិព្រៃដំរី ឃុំព្រៃ​តូច ស្រុកមោងឫស្សី ខេត្តបាត់​ដំ​បង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹ​ត្តនៅចំណុចភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោ​ងប្ញស្សី ខេត្តបាត់ដំបង កាល​ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ។

បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបាននគរបាលស្រុកមោងឫស្សី រៀបចំបញ្ជូនមកការិយាល័យជំនាញ ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕