ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យគ្រឿងញៀន ចងបដាអប់រំ អំពីផលប៉ះពាល់ នៃគ្រឿងញៀន

ខេត្តកំពង់ធំ៖ ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២១ កំលាំងការិយាល័យគ្រឿងញៀន បានចងបដាអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងគោលដៅ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ដោយអនុវត្តយោងតាមគោលការណ៍ ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ  លោកនាយការិយាល័យ បានដឹកនាំកំលាំងជំនាញចំនួន០៩ នាក់ ចងបដា អប់រំ នៅតាមទីប្រជុំជន ក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យគ្រឿងញៀន បានបន្តឲ្យដឹងថា បដា អប់រំ មានខ្លឹមសារដូចខាងក្រោម៖

.ឆ្លើយថាទេចំពោះគ្រឿងញៀន

.មិននាំគ្រឿងញៀនចូលសាលា និងផ្ទះ

.កុំអោយគ្រឿងញៀនត្រួតត្រាជីវិត និងសហគមន៍អ្នក

.ត្រូវរស់នៅដោយគ្មានថ្នាំញៀន

.ត្រូវទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះមិត្តភកិ្តក្រៅពីការសិក្សា និងការលេងជាមួយមិត្តភក្តិត្រូវណែនាំគ្នាទៅវិញទៅមកអំពីគ្រោះនៃគ្រឿងញៀន

.ត្រូវជួយអប់រំសាច់ញាតិ មិត្តភក្តិអោយយល់ពីតម្លៃ នៃមនុស្ស និងអំពីបំនិនជីវិត របស់ខ្លួន ត្រូវផ្តល់ក្តីស្រលាញ់ និងការទ្រាំទ្រដើម្បីអោយពួកគេគេចអោយឆ្ងាយពីគ្រឿងញៀន

ហើយលោក បានអំពាវនាវ ដល់យុវវ័យទាំងអស់ត្រូវចងចាំថា៖ មិនប្រើថ្នាំញៀន គឺស្រលាញ់ជាតិ ស្រលាញ់សង្គម ស្រលាញ់គ្រួសារ ស្រលាញ់ជីវិតខ្លួនឯងប្រើថ្នាំញៀនគឺបំផ្លាញជាតិ បំផ្លាញសង្គម បំផ្លាញគ្រួសារ បំផ្លាញជីវិតខ្លួនឯង