ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភ ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារមន្ត្រីនគរបាលជាតិ បានចូលនិវត្តន៍

ខេត្តកំពង់ធំ៖ ថ្ងៃសៅរ៍ កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៥០ នាទី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាល ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលចូលនិវត្តន៍ចំនួន ០២ គ្រួសារ នៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

.លោក ឆែរ ប៊ុនលាប ឋានន្តរស័ក្តិ អនុសេនីយ៍ឯកឋានៈ នាយរងការិយាល័យភស្ដុភារ  បានចូលនិវត្តន៍ ក្នុងឆ្នាំ២០១៤ មានទីលំនៅភូមិ ពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

.លោក អ៊ូរ ឡូញ ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី ឋានៈនាយរងប៉ុស្តិ៍រដ្ឋបាលអាចារ្យលាក់ បានចូលនិវត្តន៍ក្នុងឆ្នាំ២០១០ មានទីលំនៅភូមិ ព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត មានប្រសាសន៍សំណេះសំណាល ជាមួយក្រុមគ្រួសារមន្ត្រីនគរបាលជាតិចូលនិវត្តន៍  បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ជានិច្ចកាលថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខសុខុម៉ាលភាព ជីវភាពរបស់បងប្អូនគ្រប់មូលដ្ឋានឃុំសង្កាត់ ថ្នាក់ដឹកនាំបានដឹងគុណបំណាច់ វិរ:ភាព តស៊ូពុះពារបំរើជាតិមាតុភូមិ ចូលរួមចំណែកបំពេញបេសកកម្ម ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រយៈពេលកន្លងមក រហូតទទួលបានសុខសុវត្ថិភាព មកដល់បច្ចុប្បន្ននេះ។

ខណៈនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត ដល់ក្រុមគ្រួសារមន្ត្រីនគរបាលចូលនិវត្តន៍

លោក អ៊ូរ ឡូញ តំណាងឲ្យគ្រួសារមន្ត្រីនគរបាលចូលនិវត្តន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ថែមទាំងនាំយកអំណោយ ថវិកាមួយចំនួន ឧបត្ថម្ភ ដល់ក្រុមគ្រួសារលោក ដើម្បីជួយសម្រាលដោះស្រាយជីវភាពជាប្រចាំថ្ងៃ ផងដែរ។

លោក អ៊ូរ ឡូញ បានគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមជួបប្រទះពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ