ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ដែលគេប្រកាសថាបាត់ខ្លួន​ តាមពិតជាឃាតករសម្លាប់ប្រពន្ធខ្លួនឯង

ខេត្តបាត់ដំបង៖​ ដោយអនុវត្តតាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរ​បាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ លោកវរសេនីយឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបានព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ​កម្លាំងជំនាញ​នៃ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ​ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំឡូត​ និងកម្លាំងនគរបាលនៃអធិ​ការដ្ឋាននគរបាលស្រុករតនមណ្ឌល នៅថ្ងៃសៅរ៍​ ៣កេីត ខែបឋមឋាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្ទះ​សំណាក់​មួយកន្លែងក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបង​ ខណ:​ដែលជនសង័្សយរូបនេះកំពុងសំងំលាក់​ខ្លួននៅទីនោះ​។

ជនសង័្សយមានឈ្មោះ​ ស៊ាន ហួរ ភេទប្រុស អា​យុ ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤៣ ផ្លូវលេខ៥៩៨ សង្កាត់ទំនប់ ខ័ណ្ឌសែនសុខ រាជ​ធា​នីភ្នំ​ពេញ ដែលជាឃាតករសម្លាប់​ប្រពន្ធរបស់ខ្លួន​នា​ពេលកន្លងទៅ​ និងបានរត់គេចខ្លួនមកសំងំ​នៅខេត្តបាត់ដំបង។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី០៩​ ខែ​មិថុនា​ ឆ្នាំ​២០​២១​ ជនសង័្សយខាងលេីបានសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ​ គង់​ វុទ្ធី​ អាយុ ៥១ឆ្នាំ​ រួចច្រកចូលទៅក្នុងវ៉ាលីហេីយយកទៅបោះចោលនៅក្នុងទឹកទ​ន្លេ​ឯខេត្តកំពង់ចាម ​មុនពេលគេចខ្លួន​ មូ​ល​ហេតុដែលឈានដល់ការសម្លាប់ប្រពន្ធខ្លួនឯង​នេះគឺ ដោយ​សារ​គាត់ជាមួយប្រពន្ធមានទំនាស់រស់នៅមិនចុះសម្រុងជាមួយគ្នាជាប្រចាំ រហូតឈានដល់ការប្តឹង​សុំលែងលះទៅតុលាការពីភា​គីប្រពន្ធ​ ហេីយ​មុនការសម្លាប់នេះគាត់ និងប្រពន្ធត្រូវចូលទៅសវ​នាការនៅតុលាការចំពោះពាក្យបណ្តឹងពីការសុំលែងលះនេះ។

នៅពេលនេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ​បាន​ប្រគល់ជនសង័្សយខាងលេីជូនទៅកម្លាំងជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌដេីម្បីចាត់ការបន្តតាមនីតិវិធី៕