រដ្ឋបាលរាជធានី-ខេត្ត

ក្រោយពីកសិករភ្ជូរដីចម្ការប្រទះឃើញវត្តុសិល្បៈបុរាណ បានយកមកប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក

បន្ទាយមានជ័យ៖ កសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រី ភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ​ចំនួន០២នាក់ ឈ្មោះ មិ តឿ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ​ ហល់ សុភៀន អាយុ៣៩ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក បានយកត្រាក់ទ័រទៅភ្ជួរចម្ការ នៅចំណុចអូរត្រៀល នៅខាងលិច ឈាងខាងជើងភូមិតាអុងលិចចម្ងាយ៣គម  កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ម្សិលមិញ  បានឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ/រូប ហើយក៏បានប្រគល់ជូនអាជ្ញាធរ និងបានប្រគល់បន្តដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ហើយត្រូវបានពិនិត្យនិងចុះបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍នាស្រុកស្វាយចេកនោះតែម្តង ។

លោកលឿង  សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិ​ធី​ប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះហើយពីកសិករ២នាក់នោះ ។ លោកនិយាយថា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ កសិករខាងលើបានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន ។ បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើពីលោហៈ  ហើយក៏ភ្ញាក់ផ្អើលឡើងដល់កសិករនិងអ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈ ។

ដោយឮខ្ចរខ្ចាយបែបនេះ  ទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់​វត្ថុបុរាណជូនអាជ្ញាធរ ពោលគឺដើម្បីកុំអោយធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈ​បុរាណ)  ។

លោក​ យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យរួមជាមួយអនុប្រ​ធានមន្ត្រីជំនាញបុរាណវិទ្យានិងលោក តាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារីនិងជាប្រធានសារៈមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយថា អាចមានចំណាស់ក្នុងស.វទី១០ទៅ១១ ។

វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហៈធាតុ  ក្នុងនោះមាន១/ ពុម្ពចាក់ព្រះ ចំនួន២ ។២/កណ្តឹង(ត្រួយ) ចំនួន២ ។ ៣/កង ចំនួន៩ ។៤/ ទេឥវរូបស្រី  ចំនួន១ ។៥/ទេវរូបប្រុស ចំនួន១ ។៦/ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧/ ដុំសំណ ចំនួន១០ដុំ(តូចៗ) ។

ជាមួយគ្នានោះដែរមន្ត្រីអាជ្ញាធរបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញនិងប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដីនិងជំនាញវប្បធម៌ដើម្បីរក្សាទុកមិនអោយបាត់បង់ ។​

នេះជាស្មារតីស្នេហាមរតកវប្បធម័ បេតិកភ័ណ្ឌ  សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ….។

សូមបញ្ជាក់ថា៖ ការទទួលលើកនេះទៀត  នាំអោយសារៈមន្ទីរស្វាយចេក នឹងបានទទួលការដាក់តាំងបន្ថែមរូបទើបប្រគល់ចំនួន១៧ដុំ /រូប ទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ ហើយនោះ ៕