ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកតាវ័យ៧១ឆ្នាំ ដើរវង្វេងបាត់ពីផ្ទះមួយយប់ធ្លាក់ពីលើភ្នំធំបណ្តាលឲ្យស្លាប់

បន្ទាយមានជ័យ៖ លោកតាវ័យ៧១ឆ្នាំម្នាក់បានបាត់ពីផ្ទះ០១យប់ លុះព្រឹកឡើងឃើញសពដេកស្លាប់នៅជិតចង្កេះភ្នំ កន្លែងកាយថ្ម ។​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ទៀង រ៉ុម ភេទប្រុស អាយុ៧១ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ទៀតថា៖ តាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះគាត់កើតជម្ងឺវង្វេងស្មារតី ហើយតែងតែដើរឡើងលើភ្នំធំនេះជាញឹកញាប់ ។ ហើយមុនថ្ងៃកើតហេតុជនរងគ្រោះបានបាត់ពីផ្ទះ ០១យប់ លុះព្រឹកវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ទើបមានគេប្រទះឃើញ សព ហើយបានបង្កើតក្រុមការងារដែលមាន នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រអធិការដ្ឋាននគរបាលស្រុក នគរបាលប៉ុស្តិ៍ បុគ្គលិកមណ្ឌលសុខភាពឃុំ មេភូមិ ដើម្បីធ្វើកោសល្យវិច្ច័យលើសព ឃើញមានស្នាមដាច់រលាត់ជាច្រើនកន្លែង តែពុំពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់គឺធ្លាក់ពីលើទីខ្ពស់មកទីទៀបមកប៉ះចំថ្ម(លើភ្នំ)ប្រហែលកំពស់៤០ម៉ែត្រ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសពរៀបចំធ្វើបុណ្យតាមប្រពៃណី។