ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជេីញអមដំណេីរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកកោះញែក

មណ្ឌលគិរី៖  លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជេីញអមដំណេីរ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សប្បុរសជន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ៨៥គ្រួសារ ស្ថិតនៅភូមិក្តោយ ក្នុងឃុំរយ៉ ស្រុកកោះញែក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ។

ឯកឧត្តម បន្ថែមថា សម្ភារដែលផ្តល់ជូនពលរដ្ឋនាពេលនេះ គឺជាអំណោយមនុស្សធម៌របស់សប្បុរសជននានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ ជាពិសេស ដើម្បីឲ្យពួកគាត់មានលទ្ធផលភាព ក្នុងការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗទៀត។

បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំង ដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។ ម្យ៉ាងទៀត ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ជប់ខ្ជួនលើវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត រួមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលប៉ុស្តិ៍សុខភាព ក្តោយ និងបានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំប៉ុស្តិ៍សុខភាពឲ្យបានល្អប្រសើរ ហើយត្រូវជំរុញដល់បុគ្គលិក ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាល ដោយសា្មរតីទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង ហើយបើអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ សូមប្រញ៉ាប់បញ្ចូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ឲ្យបានទាន់ពេលវេលា៕