ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បញ្ជូនជនសង្ស័យជនជាតិខ្មែរនិងចិនប្រុសស្រីចំនួន១១នាក់ ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ល្មើសវិធានក្រសួងសុខាភិបាល កាន់កាប់កាំភ្លើងខុសច្បាប់និងផ្តល់ទីតាំងសម្រួលប្រើប្រាស់និងជួញគ្រឿងញៀខុសច្បាប់នៅក្នុងខុនដូ ខណ្ឌបឹងកេងកង

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យចុងសប្តាហ៍ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានចាប់បញ្ជូនជនសង្ស័យប្រុសស្រីជនជាតិខ្មែរចិន ចំនួន១១នាក់ និងវត្ថុតាង កាំភ្លើងខ្លី០១ដើម គ្រឿងញៀនមួយចំនួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទបំពានវិធានក្រសួងសុខាភិបាល បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ កាន់កាប់កាំភ្លើងខុសច្បាប់ និងផ្តល់ទីតាំងសម្រួលប្រើប្រាស់និងជួញគ្រឿងញៀនខុសច្បាប់នៅក្នុងខុនដូមួយកន្លែងក្នុង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណែកមនុស្សមួយចំនួនទៀតរកឃើញគ្មានពាក់ព័ន្ធត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។ក្រោយពីកម្លាំងនគរបាលរាជធានីភ្នំពេញបានឆ្មក់ចូបង្រ្កាបជនសង្ស័យសរុប៤៥នាក់ដែលមានជនបរទេសនិងជនជាតិខ្មែបានប្រមូលផ្តុំគ្នាផឹកស៊ីច្រៀងសប្បាយ និងប្រើប្រាស់គ្រឿងញៀនកាលពីកន្លងទៅថ្មីៗនេះ។

សូមរំលឹកថាកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្រ្កាបខុនដូមួយកន្លែង គ្មានលេខ ផ្លូវលេខ៩៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានប្រមូលមនុស្សជួបជុំគ្នាបំពានវិធានក្រសួងសុខាភិបាលនិងឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងកាំភ្លើងខ្លីសម្ភារៈ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។ប្រតិបត្តិការបង្រ្កាបនោះកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។

សេចក្តីរាយការណ៍ឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបខុនដូខាងលើកម្លាំងសមត្ថកិច្ច បានធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀងកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល។នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំជួបជុំគ្នា ដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។

ប្រតិបត្តិការនេះផងដែរ ក្នុងចំណោមជនសង្ស័យ៤៥នាក់នោះមានជនជាតិចិនប្រុសស្រី២៦ នាក់,ជនជាតិវៀតណាម០៧នាក់ស្រី,ជនជាតិកូរ៉េ០១នាក់ប្រុស,ជនជាតិម៉ាឡេស៊ី០១នាក់ ប្រុស និងជនជាតិខ្មែរប្រុសស្រី១០នាក់។សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យដោយដកហូតវត្ថុតាងរួមមានៈអាវុធខ្លីម៉ាកK៥៤ចំនួន០១ដើម ម្សៅពណ៌ស ចំនួន០៦ថង់តូច,ម្សៅម៉ត់ពណ៌ស ០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់,ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់,ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់,ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ