ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋជីវភាពខ្វះខាតចំនួន០៩គ្រួសារនៅឃុំទ្រាស បានទទួលអំណោយមនុស្សធម៌ពី ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ

បន្ទាយមានជ័យ៖ ក្នុងបរិបទប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ ប្រជាពលរដ្ឋដែលប៉ះពាល់ជួបបញ្ហាខ្វះខាត ក្នុងជីវភាព ចំនួន០៩គ្រួសារ នៅឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ បានទទួលអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ  គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ  តាមរយៈក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំទ្រាស ។ ក្នុងពិធីសំណេះសំណាលនិងផ្តល់អំណោយនេះ ធ្វើនៅសាលាបឋមសិក្សាឃុំទ្រាស  ក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ ជាប្រធានក្រុមការងារមូលដ្ឋានខ.២៧ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកស្វាយចេក និងមានការចូលរួមពីលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលនៃគណអភិបាលស្រុក ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំទ្រាសនិងក្រុមការងារ ខ.២៧ ក្រុមការងារ ស.២៧ ចុះជួយឃុំ ជាច្រើនរូបទៀត ។

ថ្លែងនាឱកាសនោះ លោក សិទ្ធិ ឡោះ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រឈម​នឹងជីវភាពខ្វះខាតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនិងជម្ងឺដ៏កាចសាហាវកូវីដ១៩ ដែលកំពុងតែរាតត្បាតពីសុខភាពសាធារណៈនៅលើពិភពលោក ហើយកម្ពុជាយើងក៏ជួបនូវបញ្ហាឆ្លងរាលដាលជម្ងឺដ៏កាចសាហាវនេះ ។  ដោយឡែក ខេត្តបន្ទាយមានជ័យយើង ក៏កំពុងតែមានការឆ្លងរាលដាលនៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ ។ ដូច្នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩នេះ  សូមឲ្យ អុំ ពូមីង បងប្អូន ចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់ ដោយធ្វើអនាម័យតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន គឺ ៣ការពារ  ៣កុំ និង២ចូលរួម ។ ម្យ៉ាងវិញទៀត រដូវនេះជារដូវវស្សា នៅពេល អុំ ពូមីង បងប្អូន ទៅធ្វើស្រែ ចម្ការ ត្រូវប្រុងប្រយ័ត្នពេលមេឃរកកលនឹងភ្លៀង រួសរាន់ប្រញ៉ាប់ រកទីកន្លែងមានសុវត្ថិភាព ព្រោះផ្គររន្ទះបច្ចុប្បន្នកាចសាហាវផងដែរ។

លោក សិទ្ធិ  ឡោះ បានបញ្ជាក់ថា៖ អំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវចែកជូនអុំ ពូមីង បងប្អូនទាំង០៩គ្រួសារ នាពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ ១/-.ថវិកាចំនួន50.000រៀល(ប្រាំម៉ឺនរៀល)  ២/-.អង្គរ50គ.ក្រ ៣/-ទឹកសុទ្ធវីតាល់01កេស ៤/-មី 01កេសតូច ៥/-.ត្រីខកំប៉ុង01យួរ ៦/-ទឹកស៊ីអ៊ីវ 01យួរ ៧/-សាប៊ូ 01កញ្ចប់ ៨/-ទឹកក្រូច 01យួរ ៩/-ប៊ីចេង 01កញ្ចប់ ១០/-ប្រេងឆា01ដប ១១/-.ជែលលាងដៃ០៥ដប ជូនគណៈកម្មការវត្ត០៣វត្ត មានវត្តដូនណូយ វត្តទ្រាស និងវត្តប្រីយ៍ ក្នុង០១វត្តទទួលអង្ករ១០០គ.ក្រ និងស.ស.យ.ក អង្ករចំនួន១៥០គ.ក្រ ថវិកា១២០,០០០រៀល៕