រដ្ឋបាលរាជធានី-ខេត្ត

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យចំនួន០៨នាក់ ឈូសឆាយរុកទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ

បន្ទាយមានជ័យ៖ សមត្ថកិច្ចកំពុងតែមមាញឹកក្នុងយុទ្ធនាការទប់ស្កាត់ ជម្ងឺដ៏កាចសាហាវកូវីដ១៩នោះ មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពលួចកាប់គាស់រុករានទន្ទា្រនយកដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ នៅចំណុចរហាលធំ តំបន់អភិរក្សជលផល ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះនិងកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៨នាក់  គ្រឿងចក្រនិងសម្ភារៈជាមធ្យោបាយល្មើសច្បាប់មួយចំនួន កាលពីចុងសប្តាហ៍កន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។ លោកបានដាក់ចេញនូវបទបញ្ជាដល់កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី សរុបចំនួន៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណីឈូសឆាយកាប់ឆ្ការគាស់រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល នឹងឃាត់ខ្លួនមនុស្សបន្តបន្ទាប់ចំនួន០៨នាក់ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ មនុស្សទាំង០៨នាក់ដែលត្រូវឃាត់ខ្លួនមាន៖១/-.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេការរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ២/-.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អ្នកកាសែត, ៣/-.ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកអេសស្ការ,៤/-ឈ្មោះ នឿន ណុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកអេសស្ការ ៥/-ឈ្មោះ មក់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកអេសស្ការ, ៦/-ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកគោយន្តច្នៃដឹកដី, ៧/-ឈ្មោះ ឡា សំណាង ភេទប្រុស  អាយុ ២៩ឆ្នាំ មុខរបរ បើកឡានដឹកដី, ៨/-ឈ្មោះ ហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ។ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាងរួមមាន៖១/-ត្រាក់ទ័រ០១គ្រឿង ម៉ាកគូបូតាផលិត​ឆ្នាំ២០១៧ ពណ៌ក្រហម,២/-.គោយន្ត ០៣ គ្រឿង ម៉ាកគូបូតា RT14 ពណ៌ក្រហម,៣/-.រថយន្តច្នៃបែនដឹកដី ០១ គ្រឿង ពណ៌បៃតងគ្មានស្លាកលេខ,៤/-.រថយន្តដឹកដី ០១ គ្រឿង ពណ៌ស ផលិតឆ្នាំ១៩៩៩ ស្លាកលេខ បន្ទាយមានជ័យ ៣A-១២៥១ ,៥/-.អេសស្កាកាយដី០៣គ្រឿង ម៉ាកCAT B៣១២​ ពណ៌លឿង,៦/-.កាណូត (ស្មាច់) ០៨ គ្រឿង,៧/-ក្បូនមានដំបូលចំនួន០៨ គ្រឿង,៨/-.ម៉ាស៊ីនកាណូត ១៦ គ្រឿង,៩/-.ម៉ាស៊ីនបូមខ្យល់ ០១គ្រឿង,១០/-.ម៉ូតូ ០៣ គ្រឿង,១១/-ម៉ូតូកង់បី (passapp) ០១ គ្រឿង ម៉ាកGPS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HR-២៩១២​,១២/-.ទូរស័ព្ទ ០៧ គ្រឿង (ម៉ាកអាយហ្វូនចំនួន០២គ្រឿង , ម៉ាកOPPOចំនួន០២គ្រឿង, ម៉ាកស៊ាំស៊ុង០១គ្រឿង, ម៉ាកHUOAWEI ចំនួន០១គ្រឿង, ម៉ាកVIVO ចំនួន០១គ្រឿង) និងសម្ភារ:មួយចំនួនទៀត ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ទៀតថា៖ ជនសង្ស័យចំនួន០៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្ការ និងបើករថយន្តដឹកដីឱ្យគេប៉ុណ្ណោះដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឱ្យគេឈូសឆាយ និងលើកផ្លូវលើដីនោះក្នុងគោលបំំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន ។

ដោយផ្អែកលើការស៊ើបអង្កេតឃើញថាដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ ដែលជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត ។​ ដែលអាចសន្និដ្ឋានបានថា ជនសង្ស័យទាំង០៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។

បច្ចុនប្បន្ន ជនសង្ស័យទាំង០៨នាក់ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះ￸អាសន្ន៕