ព័ត៌មានអន្តរជាតិ

ប្រធានអង្គការសុខភាពពិភពលោកជំរុញឱ្យក្រុមប្រទេសផលិតវ៉ាក់សាំងបង្កើនការផ្គត់ផ្គង់សម្រាប់កម្មវិធី COVAX

Reuters៖ កាលពីថ្ងៃចន្ទ ទី១៧ ឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានធ្វើការអំពាវនាវដល់ក្រុមប្រទេសដែលផលិតវ៉ាក់សាំងកូវីដ-១៩ឲ្យធ្វើការផ្គត់ផ្គងវ៉ាក់សាំងដល់កម្មវិធី COVAX ឲ្យបានលឿនជាងផែនការដែលបានគ្រោងទុក ដោយសារបញ្ហាកង្វះការផ្គត់ផ្គង់កើតឡើងដោយសារវិបត្តិនៃការរាតត្បាតជំងឺដ៏កាចសាហាវនេះក្នុងប្រទេសឥណ្ឌា។

សូមជម្រាបថា កម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោកក្នុងការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រនេះ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញវ៉ាក់សាំង AstraZeneca របស់វិទ្យាស្ថាន សេរ៉ូម (Serum) របស់ឥណ្ឌា ប៉ុន្តែសម្រាប់ពេលនេះ វ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថាននេះ ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងប្រទេសឥណ្ឌាខ្លួនឯង ដែលនេះហើយជាប្រភពបញ្ហាដែលធ្វើឲ្យ COVAX ខ្វះខាតវ៉ាក់សាំង។

លើកឡើងក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃចន្ទកន្លងទៅ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ <<ស្របពេលដែលយើងបង្ហាញការកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន AstraZeneca ដែលបានបង្កើនល្បឿននិងបរិមាណនៃការចែកចាយរបស់ពួកគេជាប្រចាំនោះ យើងត្រូវការឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតយកគំរូតាមនេះដែរ។>>

ក្នុងឱកាសខាងលើនេះ លោក Tedros បានធ្វើការស្នើសុំជាពិសេសដល់ក្រុមហ៊ុន Pfizer ឲ្យធ្វើការចែកចាយវ៉ាក់សាំងចំនួន ៤០ លានដូសក្នុងឆមាសទី ២ នៃឆ្នាំ២០២១នេះ និងស្នើឱ្យក្រុមហ៊ុន Moderna ធ្វើការផ្គត់ផ្គងវ៉ាក់សាំងដែលខ្លួនសន្យាថានឹងប្រគល់ទៅឲ្យ COVAX នៅឆ្នាំ ២០២២ នោះ នៅក្នុងឆ្នាំ ២០២១ នេះវិញ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានមូលនិធិកុមាររបស់អង្គការសហប្រជាជាតិដែលហៅកាត់យូនីសេហ្វ (UNICEF) លោកស្រី ហិនរាតតា ហ្វ័រ (Henrietta Fore) ក៏បានធ្វើការស្នើទៅកាន់ក្រុមប្រទេស G7 ដែលជាក្រុមប្រទេសអ្នកមាន នៅមុនកិច្ចប្រជុំកំពូលនៅខែក្រោយនេះ ឲ្យធ្វើការបរិច្ចាគវ៉ាក់សាំងទៅឲ្យកម្មវិធី COVAX ដែលនេះជាវិធានការណ៍បន្ទាន់ដើម្បីដោះស្រាយបញ្ហានៃការខ្វះខាតវ៉ាក់សាំងប្រមាណ ១៤០ លានដូសនៅចុងខែឧសភានេះ។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសបារាំងដែលជាសមាជិក G7 បានផ្តល់វ៉ាក់សាំង AstraZeneca មួយចំនួនហើយទៅអោយកម្មវិធី COVAX។ ជាមួយគ្នានេះ ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបខាងលើនេះ ក៏បាននិងកំពុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីការបរិច្ចាគជាបន្តបន្ទាប់ទៀតផងដែរ៕