ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះបញ្ជាដោយផ្ទាល់ អន្តរាគមន៍ពន្លត់អគ្គិភ័យ ឆេះផ្សារតាខ្មៅតូច ស្ថិតនៅភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ព្រឹកថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះបញ្ជាដោយផ្ទាល់ អន្តរាគមន៍ពន្លត់អគ្គិភ័យ ឆេះផ្សារតាខ្មៅតូច ស្ថិតនៅភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល បានទាន់សភាពការណ៍មិនបណ្តាលឱ្យរាលដាលដល់ស្ថានីយ៍ប្រេងឥន្ធនៈ PPT ដែលនៅជាប់ផ្សារនោះ។

កិច្ចប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង បាញ់ទឹកអស់១៦ស៊ីទែន ទើបអគ្គិភ័យរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃដដែល (ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តខេតចំនួន០៣គ្រឿង រថយន្តនាយកដ្ឋានចំនួន០៣គ្រឿង និងរថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន០២គ្រឿង)។

ករណីនេះ បណ្តាលឱ្យឆេះខូចខាតចំនួន២០តូប ឆេះទាំងស្រុង ក្នុងនោះ១២តូបខាងក្រៅលក់គ្រឿងបន្លាស់កង់និងម៉ូតូ និង០៨តូបខាងក្នុងលក់ឥវ៉ាន់ចាប់ហ៊ួយ មិនបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់ និងរងរបួសនោះឡើយ។

តាមការសន្និដ្ឋានបឋម ពីមន្រ្តីជំនាញ មូលហេតុមកពីជាងផ្សារដែកធ្វើតូបបណ្តាលឱ្យកម្ទេចដែកមានភ្លើងដែលផ្សារនោះធ្លាក់លើតូបលក់គ្រឿងជរ័ឆេះរាលដាលតែម្តង៕