ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទទួលថវិកាពីសប្បុរសជន ជាង ១២ម៉ឺនដុល្លារនៅក្នុងឱកាស ប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

កំពង់ចាម ៖ ដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌ សាខាកាកបាទក្រហម ខេត្តកំពង់ចាម បានប្រារព្ធខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ ៖ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលថវិកាចូលរួមពីសប្បុរសជន ចំនួនជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ពិធីនោះ ប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ការចូលរួមពីសប្បរសជននានា ជាច្រើននាក់ នៅសាលសន្និសីទសាលា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ នេះ មានសប្បុរសជនជាច្រើន និងមន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចូលរួមឧបត្ថម្ភ ថវិកាតាមសទ្ធាជ្រះថ្លា ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចំនួនជាង ១២ម៉ឺនដុល្លារអាមេរិក ទុកសម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ លោកក៏បានបញ្ជាក់ដែរថា បើទោះបីជាកម្មវិធីនេះ បានបញ្ចប់ទៅហើយក្ដី តែចំពោះមុខ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅតែបន្តការទទួលថវិកា ពីសប្បុរសជនផ្សេងៗទៀត ជារៀងរាល់ថ្ងៃ ។

គួរកត់សម្គាល់ផងដែរថា ពីមួយឆ្នាំ ទៅមួយឆ្នាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងអនុសាខាក្រុង ស្រុក នីមួយៗ កំពុងបានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ។ ជាមួយគ្នានោះដែរ សាខាកាកបាទក្រហមខេត្ត និងអនុសាខាក្រុង ស្រុកនីមួយៗ ក៏ត្រូវស្វះស្វែង ក្នុងគៀរគររកមូលនិធិ ពីសប្បុរសជននានា ក្នុងគោលបំណង ត្រៀមបង្ការ និងឆ្លើយតបទាន់ពេលវេលាដល់ជនទីទ័លក្រ ងាយរងគ្រោះ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងឆ្នាំបន្តបន្ទាប់ទៀត ផងដែរ ៕