ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអង្ករចំនួន ៥០តោន និងថវិកា ២០០លានរៀល ពីក្រុមហ៊ុន JIN SHA KONG GU Co.,LTD តាមរយៈបញ្ជាការដ្ឋានអង្គរក្ស

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីប្រគល់ទទួលអង្ករចំនួន ៥០តោន និងថវិកា ២០០លានរៀល ដែលជាអំណោយរបស់ ក្រុមហ៊ុន JIN SHA KONG GU Co.,LTD តាមរយៈបញ្ជាការដ្ឋានអង្គរក្ស ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សិរីគុត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងបញ្ជាការដ្ឋានអង្គរក្ស។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានបញ្ចាក់ថា អំណោយដែលប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលនេះ គឺដើម្បីឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ ក្នុងខណៈពេលដែលកំពុងតែចូលរួមក្នុងការតស៊ូ បង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌របស់ ក្រុមហ៊ុន JIN SHA KONG GU Co.,LTD ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។
ក្នុងឱកាសនោះ ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រោមឱវាទគ្រប់ថ្នាក់ នៃក្រុមហ៊ុន JIN SHA KONG GU Co.,LTD សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ទទួលបានជោគជ័យលើគ្រប់ធុរកិច្ចរបស់ខ្លួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕